រាជរដ្ឋាភិបាលជប៉ុននឹងជួយសាងសង់ប្រព័ន្ធរ៉ាដានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រាប់តាមដាន និងគ្រប់គ្រងចរាចរណ៍នាវាក្នុងសមុទ្រ។ គម្រោងនេះគឺជាផ្នែកមួយនៃការបន្តធ្វើទំនើបកម្មសមត្ថភាពកំពង់ផែ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា។

ឯកឧត្តម លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៣ ខែមីនា ថា កំពង់ផែគឺជាចំណុចស្នូលសំខាន់មួយនៃសេដ្ឋកិច្ចកម្ពុជា។ ដូច្នេះ ការធ្វើទំនើបកម្មកំពង់ផែគឺមានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

ឯកឧត្តមអគ្គនាយកបានបន្ថែមថា គម្រោងសាងសង់ប្រព័ន្ធរ៉ាដានេះនឹងជួយសម្រួលការគ្រប់គ្រងនាវាទាំងអស់ដែលធ្វើដំណើរចូលមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ គម្រោងនេះនឹងចាប់ផ្តើមសាងសង់នៅដើមខែឧសភា ហើយរំពឹងថានឹងបញ្ចប់នៅខែកញ្ញា។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម លូ គឹមឈន់ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបន្តគាំទ្រការធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុអស់រយៈពេលជាង ៣០ ឆ្នាំ មកហើយ ទាំងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស។

ក្នុងឆ្នាំ២០២៥ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានទទួលកុងតឺន័រឆ្លងកាត់ជាង១លាន៣៤ម៉ឺនទូកុងតឺន័រ គឺកើនជាង១២% បើធៀបនឹងឆ្នាំ២០២៤។ កំណើនបរិមាណកុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់កាលពីឆ្នាំមុន បានធ្វើឱ្យកំពង់ផែស្វយ័តនេះទទួលប្រាក់ចំណូលប្រមាណ ១៥០លានដុល្លារ កើនឡើងជាង ៣៥%៕
ដោយ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា