ភ្នំពេញ៖ នៅថ្ងៃអង្គារទី២៤ ខែមីនា ឆ្នាំ២០២៦នេះ គណៈកម្មាធិការព្រឹទ្ធសភាថៃ បានបោះឆ្នោតគាំទ្រលុបចោលអនុស្សរណៈនៃការយោគយល់គ្នា លេខ៤៣(MoU៤៣) ដែលបានធ្វើជាមួយកម្ពុជានៅឆ្នាំ២០០០។

ភ្នំពេញ៖ នៅថ្ងៃអង្គារទី២៤ ខែមីនា ឆ្នាំ២០២៦នេះ គណៈកម្មាធិការព្រឹទ្ធសភាថៃ បានបោះឆ្នោតគាំទ្រលុបចោលអនុស្សរណៈនៃការយោគយល់គ្នា លេខ៤៣(MoU៤៣) ដែលបានធ្វើជាមួយកម្ពុជានៅឆ្នាំ២០០០។
លោក ណុបប៉ាដុន អ៊ីនណា សមាជិកព្រឹទ្ធសភាថៃ និងជាប្រធានគណៈកម្មាធិការព្រឹទ្ធសភា បាននិយាយនៅថ្ងៃទី២៤ ខែមីនានេះថា គណៈកម្មាធិការវិសាមញ្ញសម្រេចជាឯកច្ឆ័ន្ទថាត្រូវតែលុបចោល MoU ឆ្នាំ២០០០ ទោះបីគ្មានការចរចារ MoU 2000 ក៏ដោយ ក៏ថៃ នៅតែមានចេតនាចង់រៀបចំព្រំដែនឱ្យបានរឹងមាំ។

MoU ៤៣ ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយការកំណត់ខណ្ឌសីមាតាមព្រំដែនគោករវាងកម្ពុជា និងថៃ។
លោកបណ្ឌិត គិន ភា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ ហៅការប៉ុនប៉ងលុបចោលអនុស្សរណៈ ជាមួយកម្ពុជា នេះ ថាជាចេតនាបង្ករឿង។
លោកបញ្ជាក់«ការប៉ុនប៉ងម្ដងហើយម្ដងទៀតក្នុងការលុបចោលMoUឆ្នាំ២០០០ និង២០០១នេះវាច្បាស់ណាស់បង្ហាញពីចរិតនិងឥរិយាបថដោយមានចេតនាក្នុងការប្រើប្រាស់ច្បាប់ព្រៃក្នុងការកំណត់ខណ្ឌសីមាព្រំដែន»។

បណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថាការប៉ុនប៉ងលុបចោលអនុស្សរណៈឆ្នាំ២០០០ ជាមួយកម្ពុជា គ្រាន់តែជាកេងចំណេញផ្នែកនយោបាយរបស់ថៃ ប៉ុណ្ណោះ។ លោកថាការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មិនអាចពឹងផ្អែកលើកម្លាំងយោធា ហើយបោះចោលកិច្ចព្រមព្រៀងដែលមានស្រាប់នោះឡើយ។
លោកថា«ការដោះស្រាយព្រំដែនគោកកម្ពុជា និងថៃនេះមិនអាចគេចផុតពីការប្រើប្រាស់ឯកសារសន្ធិសញ្ញាដែលបន្សល់ទុកតាំងសម័យបារាំង-សៀមនោះទេ។ ហើយមិនអាចប្រើកម្លាំងវាយយកតំបន់នេះតំបន់នោះស្រេចតែចិត្តអ៊ីចឹងទេ»។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា MoU ២០០០ រវាងកម្ពុជា និងថៃ មិនអនុញ្ញាតឱ្យភាគីណាមួយលុប ឬកែប្រែ ដោយគ្មានការព្រមព្រៀងពីភាគីម្ខាងទៀតនោះទេ។ ឯកឧត្តមបន្ថែមថាការលុប MoU ជាឯកតោភាគី គឺជាការរំលោភច្បាប់អន្តរជាតិ។

ឯកឧត្តមបញ្ជាក់ថា«ការលុប ឬការកែប្រែនេះទាល់តែមានការឯកភាពគ្នា។ អ៊ីចឹងការធ្វើជាឯកតោភាគី គឺជាការរំលោភច្បាប់អន្តរជាតិ»។
ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់បានលើកឡើងថា ប្រទេសថៃមិនអាចលុបចោល MOU ឆ្នាំ២០០០ ជាឯកតោភាគីបានឡើយ ដោយសារកិច្ចព្រមព្រៀងនេះ ត្រូវបានចុះបញ្ជីនៅអង្គការសហប្រជាជាតិ និងមិនមានបទប្បញ្ញត្តិចែងអំពីការលុបចោលជាឯកតោភាគីឡើយ៕
ដោយ៖ខន ណារី
