រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍការផ្គត់ផ្គង់ទឹកស្អាតរបស់កម្ពុជាក្រោមការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសជប៉ុន។ ស្ថានទូតជប៉ុនបាននាំអ្នកសារព័ត៌មានទៅធ្វើទស្សនកិច្ចរោងចក្រដ៏ធំមួយនេះ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។
លោក ជូ ផល្លា អគ្គនាយករងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានរៀបរាប់ពន្យល់អ្នកសារព័ត៌មានអំពីដំណើរការសាងសង់ និងគម្រោងពង្រីករោងចក្រផលិតទឹកស្អាត និរោធ ក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
លោកបានបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី១ អាចផលិតទឹកស្អាតចំនួន១៣ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ហើយជំហានទី២ក៏អាចផលិតបានចំនួន១៣ម៉ឺនម៉ែត្រគូបផងដែរ ខណៈតម្រូវការទឹកស្អាតក្នុងរាជធានីភ្នំពេញ និងតំបន់ជាយក្រុងត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ជាង១លាន៥៧ម៉ឺនម៉ែត្រគូប នៅត្រឹមឆ្នាំ២០៣០។
ដូច្នេះ ដើម្បីឆ្លើយតបនឹងតម្រូវការដ៏ចាំបាច់នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងរៀបចំគម្រោងពង្រីកសមត្ថភាពរោងចក្រនិរោធជំហានទី៣ បន្ថែមទៀត។ គម្រោងថ្មីនេះ អាចនឹងបង្កើនសមត្ថភាពផលិតទឹកប្រចាំថ្ងៃចំនួន២០ម៉ឺនម៉ែត្រគូបបន្ថែមទៀត។ កាលពីខែតុលា ២០២៥ ទីភ្នាក់ងារ JICA បានផ្តល់ជំនួយប្រហែល ១៤៣,៥ លានដុល្លារ ដើម្បីគាំទ្រដល់គម្រោងពង្រីកការផ្គត់ផ្គង់ទឹកស្អាតនិរោធនេះ។
យោងតាមការធ្វើបច្ចុប្បន្នភាពផែនការមេទី៣ (២០២២-២០៣០) តម្រូវការទឹកនៅរាជធានីភ្នំពេញ នឹងមានការកើនឡើងយ៉ាងគំហុកពីជាង៦៤ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០២២ ទៅដល់ជាង១លាន៥៧ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០៣០។ កំណើននេះ គឺបណ្តាលមកពីការកើនឡើងនៃចំនួនប្រជាជន និងការពង្រីកផ្ទៃសេវា។ ដូច្នេះ ការសាងសង់រោងចក្រថ្មីនេះ គឺជារឿងចាំបាច់បំផុត។
បើតាម ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទួតជប៉ុនប្រចាំនៅកម្ពុជា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និរោធ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ការផ្គត់ផ្គង់ទឹកស្អាត ក្រោមការងារគាំទ្រជាបន្តបន្តបន្ទាប់របស់ប្រទេសជប៉ុនចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០ ហើយវាជាទីតាំងមួយដែលតំណាងឱ្យភាពប្រសើរឡើងនៃសេវាកម្មទឹកស្អាតនៅរាជធានីភ្នំពេញ។
ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្ពុជាបានកំណត់គោលដៅជាតិ ក្នុងការសម្រេចឱ្យបានសកលកម្មទឹកស្អាតសម្រាប់ប្រជាពលរដ្ឋទូទៅត្រឹមឆ្នាំ២០៣០ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ចក្ខុវិស័យឆ្នាំ២០៥០របស់ខ្លួន។
បច្ចុប្បន្ន បណ្តាញផ្គត់ផ្គង់ទឹកស្អាតត្រូវបានពង្រីកដល់ជិត ៨ពាន់ភូមិនៅទូទាំងប្រទេស។ បរិមាណផលិតទឹកស្អាតជាមធ្យមមានចន្លោះពី ៤០ ទៅ ៥០ លានម៉ែត្រគូបក្នុងមួយខែ ក្នុងនោះប្រតិបត្តិករឯកជនរួមចំណែកប្រមាណ ៣៥%៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា