បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យមន្ត្រីធ្វើការពីផ្ទះ ដើម្បីសន្សំប្រេង និងអគ្គិសនី

ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យមន្ត្រីធ្វើការពីផ្ទះ ដើម្បីសន្សំប្រេង និងអគ្គិសនី

ក្រសួងមហាផ្ទៃ គឺជាក្រសួងទី១នៅកម្ពុជា ដែលបានប្រកាសអនុញ្ញាតឲ្យមន្រ្តីរាជការរបស់ខ្លួន អាចបំពេញការងារតាមប្រព័ន្ធអនឡាញពីផ្ទះ ដើម្បីកាត់បន្ថយការចំណាយលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនីនៅក្នុងស្ថាប័នរដ្ឋ។

Advertisement

ក្រោយទទួលបានសារាចររបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃបានចេញេសេចក្តីណែនាំមួយចុះថ្ងៃទី២៤មីនា ស្តីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី។

យោងតាមសេចក្តីណែនាំនេះ ថ្នាក់ដឹកនាំគ្រប់អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវរៀបចំកាលវិភាគបែងចែកកម្លាំងមន្ត្រី ឱ្យមកបំពេញការងារផ្ទាល់តាមចំនួនចាំបាច់បំផុត ហើយមន្ត្រីផ្សេងទៀតត្រូវបំពេញការងារតាមប្រព័ន្ធអនឡាញពីផ្ទះ លើកលែងតែអង្គភាពស្នូលមួយចំនួនដូចជា អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានពន្ធនាគារ និងអគ្គនាយកដ្ឋានរដ្ឋបាល។

ពាក់ព័ន្ធនឹងការសន្សំសំចៃប្រេងឥន្ធនៈ ក្រសួងមហាផ្ទៃបានតម្រូវឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលរាជធានី-ខេត្ត រៀបចំយន្តការបញ្ចៀសការកកស្ទះចរាចរណ៍នៅតាមទីប្រជុំជន ដែលជាប្រភពនៃការខ្ជះខ្ជាយប្រេង។ រាល់បេសកកម្មមិនចាំបាច់ត្រូវផ្អាក ឬបញ្ចូលគ្នា ចំណែកឯកិច្ចប្រជុំ ឬសិក្ខាសាលានានា ត្រូវបានជំរុញឱ្យធ្វើឡើងតាមប្រព័ន្ធអនឡាញជំនួសវិញ។

បន្ថែមពីនេះ ក្រសួងបានលើកទឹកចិត្តដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋឱ្យងាកមកប្រើប្រាស់រថយន្តក្រុងសាធារណៈឱ្យបានច្រើន ដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ដោយក្រសួងដាក់គោលការណ៍កាត់បន្ថយការប្រើប្រាស់ប្រេងឲ្យបាន ៥០%ក្នុងរយៈពេល ២ខែខាងមុខ។

ចំពោះការប្រើប្រាស់អគ្គិសនីក្នុងការិយាល័យ មន្ត្រីរាជការក្រសួងត្រូវបានណែនាំឱ្យកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ត្រឹម ២៥°C និងត្រូវបិទឧបករណ៍អគ្គិសនីទាំងអស់មុនពេលចេញពីធ្វើការ ១៥នាទី។ ការប្រើប្រាស់ពន្លឺ និងខ្យល់ធម្មជាតិ ក៏ត្រូវបានលើកទឹកចិត្តផងដែរ តាមរយៈការបើកវាំងនន ឬបង្អួចការិយាល័យក្នុងកម្រិតដែលអាចធ្វើទៅបាន។

ទោះបីជាមានការរឹតបន្តឹងយ៉ាងណាក្តី ក្រសួងមហាផ្ទៃបានបញ្ជាក់ច្បាស់ថា វិធានការទាំងនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារចាំបាច់ឡើយ ជាពិសេសកម្លាំងអន្តរាគមន៍សង្គ្រោះបន្ទាន់ ប្រតិបត្តិការបង្ក្រាបបទល្មើស និងការការពារសន្តិសុខជូនថ្នាក់ដឹកនាំជាន់ខ្ពស់។

គិតមកដល់ពេលនេះ ស្ថាប័នរដ្ឋជាច្រើនបានដាក់ចេញនូវវិធានការកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងប្រេងឥន្ធនៈ ដើម្បីរួមចំណែកសន្សំសំចៃថាមពលជាតិ ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិឡើងថ្លៃប្រេងឥន្ធនៈយ៉ាងគំហុក៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា