ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., LTD និង ក្រុមហ៊ុន Toyota (Cambodia) Co., LTD បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យាស្ថានបច្ចេកទេស JVC នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើត”មជ្ឈមណ្ឌលបណ្តុះបណ្តាល Toyota រួម”មួយ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៥ ខែមីនា នៅទីស្តីការក្រសួង។
អនុស្សរណៈនេះ មានគោលបំណងពង្រឹងកិច្ចសហការរវាងវិស័យឧស្សាហកម្ម និងវិស័យអប់រំ ក្រោមគម្រោងសហប្រតិបត្តិការរដ្ឋ-ឯកជន ដើម្បីលើកកម្ពស់គុណភាពបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើជំនាញមេកានិចរថយន្ត ឱ្យឆ្លើយតបទៅនឹងស្តង់ដាឧស្សាហកម្មទំនើបបច្ចុប្បន្ន។
អនុស្សរណៈនេះ នឹងបង្កើតកិច្ចសហការរួមលើការបង្កើតឱកាសកម្មសិក្សា និងកម្មវិធីហាត់ការ, ការគាំទ្រការបណ្តុះបណ្តាលគ្រូបង្រៀន, ការពិគ្រោះយោបល់លើកម្មវិធីសិក្សា, កម្មវិធីផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យា និងកិច្ចសហការក្នុងការជ្រើសរើសនិស្សិតបញ្ចប់ការសិក្សា និងការអភិវឌ្ឍកម្លាំងការងារ។
ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះវិស័យឯកជន ជាពិសេសភាគីក្រុមហ៊ុនដៃគូយុទ្ធសាស្ត្រ ដែលចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានផលិតភាពខ្ពស់ និងជំនាញច្បាស់លាស់ ឆ្លើយតបទៅតម្រូវការទីផ្សារការងារ។ ខណៈវិស័យឧស្សាហកម្មរថយន្តកំពុងមានសន្ទុះរីកចម្រើនខ្លាំងនៅកម្ពុជា អនុស្សរណៈនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យយុវជនកម្ពុជាទទួលបានជំនាញបច្ចេកទេសពិតប្រាកដ បង្កើនឱកាសការងារកាន់តែច្រើន និងទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ថែមទៀតផងដែរ។
ឯកឧត្តមបានបន្តថា ការសម្រេចជ្រើសរើសយក JVC ជាមជ្ឈមណ្ឌលដៃគូក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រុមហ៊ុន Toyota ជប៉ុន នាពេលនេះ គឺមិនត្រឹមតែជាជម្រើសដ៏ល្អបំផុតក្នុងការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ ដែលនឹងធ្វើការជាមួយ Toyota នាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការភ្ជាប់ទៅនឹងឫសគល់នៃទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាមួយនឹងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាផងដែរ។
លោកឧកញ៉ា គង់ នួន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) និងលោក Kensuke Tsuchiya ប្រធានក្រុមហ៊ុន Toyota (Cambodia) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងការងារ ចំពោះការគាំទ្របង្កើតឱ្យមានកិច្ចសហការរួមគ្នានេះឡើង ដើម្បីរួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា៕
ដោយ៖ង៉ាន់ ទិត្យ