នៅក្នុងខែនេះ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿង ០៣ករណីទៅតុលាការ ដោយមានជនសង្ស័យចំនួន ១០នាក់ ក្នុងនោះមានម្នាក់គឺជាអនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង ដែលឈរជើងនៅចំណុចអណ្តូងទឹក។

នៅក្នុងខែនេះ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿង ០៣ករណីទៅតុលាការ ដោយមានជនសង្ស័យចំនួន ១០នាក់ ក្នុងនោះមានម្នាក់គឺជាអនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង ដែលឈរជើងនៅចំណុចអណ្តូងទឹក។

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី៨ អាណត្តិទី៤ បានដំណើរការកាលពីថ្ងៃពុធ ទី២៥ ខែមីនា ក្រោមអធិបតីភាពរបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាប្រធានក្រុមប្រឹក្សាជាតិនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU) នៅក្នុងខែមីនានេះ អង្គភាព ACU បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន៣៣ ក្នុងនោះបានបញ្ជូនសំណុំរឿង ០៣ករណីទៅតុលាការ ដោយមានជនសង្ស័យចំនួន ១០រូប។

ក្នុងចំណោមជនសង្ស័យទាំងនោះ មានម្នាក់គឺជាអនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង ឈរជើងនៅចំណុចអណ្តូងទឹក ដែលល្បីល្បាញខាងចាប់ឡានដឹកទំនិញមិនរើស តាំងពីទំនិញមានពន្ធ ទំនិញគ្មានពន្ធ គ្រឿងអេតចាយ ត្រី សាច់ បន្លែ ឬគ្រឿងផ្ទះដែលរុះរើជាដើម។

ACU បានកសាងសំណុំរឿងប្តឹងបុរសអាយុ៥៤ឆ្នាំរូបនេះទៅតុលាការ ពីបទសង្ស័យក្នុងអំពើរំលោភអំណាច និងសម្អាតប្រាក់។ បក្សពួករបស់គាត់ ៣នាក់ទៀតក៏រងបណ្តឹងផងដែរ ក្នុងនោះមានម្នាក់ជាបុគ្គលិកជាប់កិច្ចសន្យានៃសាខាគយ និងរដ្ឋាករខេត្តកោះកុង ជាប់សង្ស័យពីបទសមគំនិតក្នុងអំពើរំលោភអំណាច និងសម្អាតប្រាក់, ម្នាក់ទៀតជាស្រ្តីមេផ្ទះ ជាប់សង្ស័យពីបទសមគំនិតក្នុងការសម្អាតប្រាក់ និងចុងក្រោយគឺជាបុគ្គលិកធនាគារម្នាក់ ដែលជាប់សង្ស័យពីបទសមគំនិតក្នុងការសម្អាតប្រាក់ដូចគ្នា។

ចំពោះករណី ២ផ្សេងទៀត ដែល ACU បានកសាងសំណុំរឿងប្តឹងទៅតុលាការដែរនោះ មាន៖ ករណីមួយ ជាប់ពាក់ព័ន្ធការឈូសឆាយ និងទន្រ្ទានកាន់កាប់ដីព្រៃលិចទឹកក្នុងភូមិសាស្ត្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានជនសង្ស័យ ៣រូប ហើយករណីមួយទៀត គឺជាសំណុំរឿងពាក់ព័ន្ធអំពើរំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ ដែលប្រព្រឹត្តដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយខ្លួនឯង ២រូប និងអ្នកសមគំនិត ១រូប៕
អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ









