បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាចង់ប្រើប្រាស់កម្មវិធី TVET ជាមធ្យោបាយសម្រាប់ភ្ជាប់គ្រួសារក្រីក្រ ទៅកាន់ទីផ្សារការងារ

រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាចង់ប្រើប្រាស់កម្មវិធី TVET ជាមធ្យោបាយសម្រាប់ភ្ជាប់គ្រួសារក្រីក្រ ទៅកាន់ទីផ្សារការងារ

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ មានប្រសាសន៍ថា ប្រព័ន្ធ TVET កម្ពុជា មានចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ រហូតដល់សញ្ញាបត្របច្ចេកទេស និងវិស្វកម្មអនុវត្ត ហើយ នៅក្នុងអាណត្តិនេះ កម្ពុជាកំពុងផ្តល់អាទិភាពច្រើនលើកម្រិតវិញ្ញាបនបត្រ ជាជាងថ្នាក់បរិញ្ញាបត្រ ពីព្រោះកម្ពុជាចង់ប្រើប្រាស់កម្មវិធី TVET ជាមធ្យោបាយសម្រាប់ភ្ជាប់គ្រួសារក្រីក្រ ទៅកាន់ទីផ្សារការងារ ដោយផ្តល់ជំនាញសមស្រប ដែលអាចជួយឲ្យពួកគាត់ទទួលបានការងារក្នុងប្រព័ន្ធផ្លូវការ ដែលអាចផ្តល់អត្ថប្រយោជន៍ច្រើន លើសពីប្រាក់ឈ្នួល។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងវិនិយោគយ៉ាងខ្លាំងលើការអភិវឌ្ឍជំនាញ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈម្មវិធី TVET នេះដែរ ដែលផ្តល់ជំនាញដោយឥតគិតថ្លៃ និងបត់បែនដល់យុវជន ព្រមទាំងកម្លាំងពលកម្មស្របតាមតម្រូវការ និងការផ្លាស់ប្តូរឧស្សាហកម្មទីផ្សារការងារ។

Advertisement

ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក គីវ៉ុន ចាង (Kiwon Jang) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Jungwon នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០២៦ នេះ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់លើលទ្ធភាពនៃឱកាសបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេស លើការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងសមត្ថភាពធនធានមនុស្សតាមរយៈវិស័យ TVET ។

ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃកម្មវិធី TVET នៅក្នុងការអភិវឌ្ឍធនធានមនុស្ស និងប្រទេសជាតិ ជាពិសេសនៅក្នុងដំណាក់កាលដំបូង។ នៅដំណាក់កាលដំបូងនៃបដិវត្តឧស្សាហកម្មពឹងផ្អែកលើ TVET ដែលត្រូវការពេលបណ្តុះបណ្តាលរយៈពេលខ្លី ដើម្បីអាចទទួលបានការងារធ្វើភ្លាមៗសម្រាប់ប្រជាពលរដ្ឋ។ កម្មវិធី TVET នេះ សមស្របនឹងតម្រូវការក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានប្រជាជនជាច្រើនកំពុងស្វែងរកការងារ និងចង់ចូលទៅកាន់ទីផ្សារការងារឱ្យបានឆាប់ ដើម្បីទទួលបានប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ ជាពិសេស សម្រាប់គ្រួសារក្រីក្រ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក គីវ៉ុន ចាង និងសហការី ដោយឯកឧត្តមបានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលមានការប្តេជ្ញាចិត្តខ្ពស់នៅក្នុងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយកិច្ចប្រជុំនាពេលនេះ គឺជាឱកាសដ៏ល្អមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តការរវាងភាគីទាំងពីរ ជាពិសេសនៅក្នុងវិស័យការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

លោក គីវ៉ុន ចាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់ ក៏ដូចជាបានបង្ហាញពីយុទ្ធសាស្រ្តការងារក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ លោកបានលើកឡើងថា លោកមានបទពិសោធជាច្រើននៅក្នុងវិស័យ TVET តាមរយៈការងារផ្នែកអប់រំនៅក្នុងប្រទេសកូរ៉េ នៅអង្គការអន្តរជាតិ និងនៅបរទេសផងដែរ។ ហេតុនេះ លោកមានការយល់ដឹងយ៉ាងច្បាស់ពីភាពចាំបាច់នៃ TVET ក្នុងដំណើរការអភិវឌ្ឍប្រទេស ហើយលោកក៏ចាប់អារម្មណ៍យ៉ាងខ្លាំងលើតួនាទីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសទាក់ទងនឹងវិស័យ TVET នេះ។

លោកក៏បានឲ្យដឹងដែរថា សាកលវិទ្យាល័យ Jungwon ទទួលបានកញ្ចប់អាហារូបករណ៍ពី KOICAផងដែរ សម្រាប់ថ្នាក់អនុបណ្ឌិតលើជំនាញអគ្គិសនី និងអេឡិចត្រូនិច ដែលជាឱកាសសម្រាប់បញ្ជូនគ្រូ TVET កម្ពុជាទៅបន្តការសិក្សា។

តាមរយៈជំនួបដ៏មានសារៈសំខាន់ប្រកបដោយផលិតភាព និងមានចក្ខុវិស័យនេះ ភាគីទាំងពីរសង្ឃឹមថា នឹងបង្កើតកិច្ចសហប្រតិបត្តិការដ៏ល្អមួយនាពេលអនាគត ដើម្បីរួមគ្នាលើកកម្ពស់កម្មវិធី TVET ជាលក្ខណៈទ្វេភាគីរវាងប្រទេសកូរ៉េ និងកម្ពុជា៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា