ក្នុងបរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកកំពុងប្រឈមនឹងការប្រែប្រួល និងការគំរាមកំហែង កម្ពុជាបានបង្ហាញជំហរម៉ឺងម៉ាត់ក្នុងការកសាងអធិបតេយ្យភាពបច្ចេកវិទ្យា ដើម្បីការពារអធិបតេយ្យភាពជាតិ និងជំរុញសេដ្ឋកិច្ចឱ្យមានភាពធន់។

ក្នុងបរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកកំពុងប្រឈមនឹងការប្រែប្រួល និងការគំរាមកំហែង កម្ពុជាបានបង្ហាញជំហរម៉ឺងម៉ាត់ក្នុងការកសាងអធិបតេយ្យភាពបច្ចេកវិទ្យា ដើម្បីការពារអធិបតេយ្យភាពជាតិ និងជំរុញសេដ្ឋកិច្ចឱ្យមានភាពធន់។

នៅក្នុងពិធីបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ កាលពីថ្ងៃទី២៦ ខែមីនាឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនមែនជាវិស័យដាច់ដោយឡែកទេ ប៉ុន្តែជាវិស័យយុទ្ធសាស្ត្រគន្លឹះដែលគាំទ្រដល់វិស័យផ្សេងទៀត។

គ្រប់ស្ថាប័ន ទាំងក្នុងវិស័យសាធារណៈ និងឯកជន រួមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម សុទ្ធតែមានឱកាសចាប់យកសក្ដានុពលដ៏ខ្លាំងក្លារបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកំណើន និងអភិវឌ្ឍស្ថាប័នរបស់ខ្លួន។

យោងតាមឯកឧត្តម វង្សី វិស្សុត នៅក្នុងបរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកត្រូវបានគំរាមកំហែង អធិបតេយ្យភាពបច្ចេកវិទ្យា គឺជាអធិបតេយ្យភាពជាតិ។ ការណ៍នេះទាមទារឱ្យគ្រប់តួអង្គជាតិ បង្កើនសមត្ថភាពលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ថាមពល ស្បៀងអាហារ សុខាភិបាល និងការពារជាតិ។

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលដដែល គូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាកំពុងជំរុញការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ តាមរយៈការបង្កើតមូលនិធិស្រាវជ្រាវជាតិ ហើយកំពុងពង្រឹងកិច្ចសហការរវាងស្ថាប័នជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បីប្រែក្លាយលទ្ធផលស្រាវជ្រាវសម្រាប់ការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់ការផលិតដែលមានតម្លៃបន្ថែមខ្ពស់។

ដោយឡែក ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម បានបង្ហើបថា រាជរដ្ឋាភិបាលកំពុងជំរុញការចាប់យកបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនផលិតភាពសេវាសាធារណៈ និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ។

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ឆ្នាំនេះ បានបង្ហាញស្តង់ជាង ២០០ ពីគ្រប់ក្រសួងស្ថាប័ន វិស័យឯកជន និងគ្រឹះស្ថានសិក្សា និងមានការតាំងបង្ហាញគ្រឿងម៉ាស៊ីនទំនើបៗ និងប្រព័ន្ធផលិតកម្មឆ្លាតវៃ ក៏ដូចជាឧបករណ៍បម្រើឱ្យវិស័យឧស្សាហកម្ម កសិកម្ម និងពាណិជ្ជកម្ម។
លើសពីនេះទៀត ព្រឹត្តិការណ៍ខាងលើក៏ផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម អាចស្វែងរកដៃគូ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីកែលម្អខ្សែច្រវាក់ផលិតកម្មឱ្យទាន់ស្ដង់ដាអន្តរជាតិ៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា






