ក្នុងសេចក្តីថ្លែងការណ៍មួយផ្សព្វផ្សាយកាលពីថ្ងៃទី២៦ មីនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានស្វាគមន៍ការលើកឡើងរបស់មជ្ឈមណ្ឌលព័ត៌មានរួមស្តីពីស្ថានការណ៍ថៃ-កម្ពុជា ជុំវិញតួនាទីរបស់យន្តការ JBC ក្នុងការដោះស្រាយបញ្ហាព្រំដែន។

ក្នុងសេចក្តីថ្លែងការណ៍មួយផ្សព្វផ្សាយកាលពីថ្ងៃទី២៦ មីនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានស្វាគមន៍ការលើកឡើងរបស់មជ្ឈមណ្ឌលព័ត៌មានរួមស្តីពីស្ថានការណ៍ថៃ-កម្ពុជា ជុំវិញតួនាទីរបស់យន្តការ JBC ក្នុងការដោះស្រាយបញ្ហាព្រំដែន។
កម្ពុជាកត់សម្គាល់ថា ការលើកឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ របស់ស្ថាប័នថៃនេះឆ្លុះបញ្ចាំងនូវគោលការណ៍ច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធីពិតប្រាកដ ដែលកម្ពុជាបានប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន។ ទស្សនៈស្របគ្នានេះ គឺជាការស្វាគមន៍ចំពោះការទទួលស្គាល់នូវវិធីសាស្ត្រ និងមាគ៌ា ដែលកម្ពុជាបានគាំទ្រជាយូរមកហើយ។
ក្រសួងការបរទេសបញ្ជាក់សាជាថ្មីថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោគ (JBC) គឺជាស្ថាប័នបច្ចេកទេសមានសមត្ថកិច្ច និងជាយន្តការ ដែលបង្កើតឡើងដោយភាគីទាំងពីរ ដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសកម្ពុជា-ថៃ។
ភាគីកម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីបន្តចាប់ផ្តើមការងារវាស់វែងនេះជាបន្ទាន់ ដោយផ្អែកលើអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ព្រមទាំងផែនទីដែលផលិតដោយគណៈកម្មការខណ្ឌសីមាព្រំដែនឥណ្ឌូចិន-សៀម ដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ តាមការព្រមព្រៀងគ្នា ដែលនឹងជួយទប់ស្កាត់ជម្លោះនាពេលអនាគត។
ទន្ទឹមនេះ កម្ពុជាបានចាត់ទុកវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ថាមានសារៈសំខាន់ក្នុងការផ្ទៀងផ្ទាត់ការអនុវត្តជាក់ស្តែង។ ក្រៅពីនេះ កម្ពុជានឹងពង្រឹងការទំនាក់ទំនងផ្ទាល់ ដើម្បីទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយដែលបង្កឱ្យមានការយល់ច្រឡំ។
កម្ពុជាអំពាវនាវឱ្យមានការវិវត្តពីកិច្ចសន្ទនាការទូតទៅជាការអនុវត្តជាក់ស្ដែង តាមរយៈការដាក់ឲ្យដំណើរការពេញលេញនូវយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោគ (JBC) គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនតំបន់ (RBC) ដើម្បីធានានូវសន្តិភាពយូរអង្វែង និងវិបុលភាពរួមគ្នាសម្រាប់ប្រជាជាតិទាំងពីរ៕