បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភ្នំដោះក្រមុំក្លាយជាកន្លែងផ្ទេរចំណេះដឹងប្រពៃណីដល់ក្រមុំជនជាតិដើមភាគតិច

ភ្នំដោះក្រមុំក្លាយជាកន្លែងផ្ទេរចំណេះដឹងប្រពៃណីដល់ក្រមុំជនជាតិដើមភាគតិច

ភ្នំដោះក្រមុំ ក្នុងខេត្តមណ្ឌលគិរី មិនត្រឹមតែជាទីតាំងទីសក្ការៈ និងទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែពេលនេះ បានក្លាយទៅជាកន្លែងជួបជុំរៀនសូត្រ និងផ្ទេរចំណេះដឹងអំពីជំនាញប្រពៃណីរបស់ជនជាតិដើមភាគតិចនៅកម្ពុជា ជាពិសេសសម្រាប់នារីៗ។

Advertisement

នៅរៀងរាល់ចុងសប្តាហ៍ យុវជននៃសហគមន៍ជនជាតិដើមភាគតិច ក្នុងនោះភាគច្រើនជាស្រ្តី និងកុមារី បានមកជួបជុំគ្នានៅលើភ្នំដោះក្រមុំ ដើម្បីរៀនសូត្រពីចាស់ទុំនូវចំណេះដឹងប្រពៃណីផ្សេងៗ ជាពិសេសជំនាញតម្បាញ។

សកម្មភាពទាំងនេះបានធ្វើឲ្យទីតាំងភ្នំដោះក្រមុំ ដែលជាទីសក្ការៈរបស់ជនជាតិដើមភាគតិច និងជាតំបន់ទេសចរណ៍ដ៏ល្បីរបស់ខេត្តមណ្ឌលគិរី ក្លាយទៅជាកន្លែងរស់រវើកមួយក្នុងការថែរក្សា និងលើកតម្លៃអត្តសញ្ញាណវប្បធម៌របស់ជនជាតិដើមភាគតិចនៅកម្ពុជា។

លោក អៀង ដារ៉ូ ប្រធានគ្រប់គ្រងគម្រោងនៃអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO) បានបញ្ជាក់ថា គម្រោងជួបជុំចែករំលែកចំណេះដឹងអំពីតម្បាញនេះ បានចាប់ផ្តើមដំណើរការតាំងពីពាក់កណ្តាលខែមីនា ដោយមានការរៀបចំបង្រៀនរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

គម្រោងនេះនឹងធ្វើឡើងរយៈពេលមួយឆ្នាំពេញ ដើម្បីឱ្យសមាជិកសហគមន៍អាចចែករំលែកចំណេះដឹង និងបង្រៀនគ្នាទៅវិញទៅមកអំពីតម្បាញ។ ជាងនេះទៅទៀត កម្មវិធីប្រចាំចុងសប្តាហ៍នេះក៏មានគោលបំណងរួមចំណែកទាក់ទាញភ្ញៀវទេសចរផងដែរ។

លោកបានបន្ថែមថា បច្ចុប្បន្នមានជនជាតិដើមភាគតិចចំនួន៤ក្រុមចូលរួម ក្នុងនោះមាន ពូនង ស្ទៀង ក្រូល និងពូនូ ហើយនៅពេលខាងមុខ គម្រោងនឹងពង្រីកការចូលរួមឱ្យបានទូលំទូលាយជាងនេះ។ វាជាជំហានសំខាន់មួយក្នុងការធានាថា វប្បធម៌ និងជំនាញប្រពៃណីដ៏សម្បូរបែបរបស់ជនជាតិដើមភាគតិច នឹងបន្តរស់រវើក និងរីកចម្រើនពីជំនាន់មួយទៅជំនាន់មួយ។

ចំណែកលោក វ៉ាន់ លៀង ប្រធានក្រុមរបាំប្រពៃណីបងប្អូនភូមិភាគឦសាន្ត ប្រចាំខេត្តមណ្ឌលគិរី បានឱ្យដឹងថា សម្លៀកបំពាក់ជនជាតិដើមភាគតិចដែលផលិតដោយដៃ មានតម្លៃខ្ពស់គួរសម គឺប្រហែលពី ៣០ ទៅ ៤០ ម៉ឺនរៀលក្នុងមួយឈុត ដែលអាចរួមចំណែកបង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជនក្នុងសហគមន៍។

ទាក់ទងនឹងបញ្ហានេះដែរ អ្នកនាង ច្រេង បេត ប្រធានសហគមន៍ទឹកធ្លាក់ឡែងកៅ ស្ថិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា នៅក្នុងសហគមន៍មានសមាជិកមួយចំនួនកំពុងហាត់រៀនតម្បាញ ហើយការបង្រៀននេះគឺជាវិធីសាស្ត្រសំខាន់មួយ ដើម្បីជួយឱ្យជនជាតិដើមភាគតិច ជាពិសេសជនជាតិពូនង ទទួលបានជំនាញច្បាស់លាស់ដើម្បីប្រកបរបរចិញ្ចឹមជីវិត៕

ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា