ចាបព្រៃវែង ដែលជាប្រភេទបក្សីកម្រ និងជិតផុតពូជនៅលើពិភពលោក បាននាំគ្នាមករស់នៅយ៉ាងច្រើននៅតំបន់ទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ។ ពួកវាធ្វើដំណើរដ៏វែងឆ្ងាយពីប្រទេសរ៉ូស្ស៊ី ហោះហើរឆ្លងកាត់ប្រទេសជាច្រើន មុននឹងមកដល់ប្រទេសកម្ពុជា។

ចាបព្រៃវែង ដែលជាប្រភេទបក្សីកម្រ និងជិតផុតពូជនៅលើពិភពលោក បាននាំគ្នាមករស់នៅយ៉ាងច្រើននៅតំបន់ទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ។ ពួកវាធ្វើដំណើរដ៏វែងឆ្ងាយពីប្រទេសរ៉ូស្ស៊ី ហោះហើរឆ្លងកាត់ប្រទេសជាច្រើន មុននឹងមកដល់ប្រទេសកម្ពុជា។
នៅឆ្នាំ២០២៦នេះ ក្រុមអ្នកអភិរក្សបានប៉ាន់ប្រមាណថា នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ មានសត្វចាបព្រៃវែងកំពុងរស់នៅរហូតដល់ជាង ៨ពាន់ក្បាល ពោលគឺកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបនឹងឆ្នាំ២០២៥ ដែមានចំនួនតែពី ៥ពាន់ទៅ៦ពាន់ក្បាលប៉ុណ្ណោះ។
លោក ប៊ូវ រក្សសក្ស នាយកប្រតិបត្តិនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា (Nature Life Cambodia) បានបញ្ជាក់ថា សត្វចាបព្រៃវែងត្រូវបានគេដឹងថា ជាសត្វធ្វើការពងកូននៅតំបន់ស៊ីបេរី នៃប្រទេសរុស្ស៉ី បន្ទាប់មកពួកវានាំគ្នាហោះហើរយ៉ាងវែងឆ្ងាយចុះមកទ្វីបអាស៊ីខាងជើង ឆ្លងកាត់មកកាន់ប្រទេសជប៉ុន ចិន វៀតណាម កម្ពុជា ភូមា ហើយនៅរដូវត្រជាក់ ពួកវានឹងហោះហើរត្រទ្បប់ទៅកាន់តំបន់ស៊ីបេរី ប្រទេសរុស្សីវិញ។
យោងតាមនាយកប្រតិបត្តិនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា សត្វដ៏កម្រលើលោកនេះសម្បូរនៅកម្ពុជា ចាប់ពីខែ ធ្នូ ដល់ខែមេសា។ ពួកវានឹងរកចំណីនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ ដែលត្រូវបានទទួលស្គាល់ថា ជាទីតាំងមានចំនួនសត្វស្លាបប្រភេទនេះច្រើនជាងគេនៅកម្ពុជា និងប្រហែលជានៅទូទាំងអាស៊ីអាគ្នេយ៍។
លោក ប៊ូវ រក្សសក្ស បានលើកឡើងថា សត្វចាបព្រៃវែងកំពុងថមថយចំនួនយ៉ាងខ្លាំងនៅលើពិភពលោក តែនៅកម្ពុជា សត្វដ៏កម្រនេះកំពុងរស់នៅច្រើន។ បើតាមការស្រាវជ្រាវកម្រិតថ្នាក់ពិភពលោក គេរកឃើញថា សត្វប្រភេទនេះបានថយចុះយ៉ាងគំហុករហូតដល់៨០%។ ហេតុនេះហើយទើបចាបព្រែវែងត្រូវបានចាត់ទុកជាសត្វស្ថិតក្នុងបញ្ជីរក្រហម(IUCN)ជិតផុតពូជបំផុតនៅលើពិភពលោក។
លោក ប៊ូវ រក្សសក្ស បានឱ្យដឹងដែរថា សត្វចាបព្រៃវែងកន្លងមក គេឃើញសម្បូររស់នៅក្នុងខេត្តព្រៃវែង តែពេលនេះហាក់មានការថយចុះខ្លាំងនៅខេត្តព្រៃវែង តែជាសំណាងល្អ គេឃើញមានសត្វប្រភេទនេះរស់នៅយ៉ាងច្រើក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ ដែលជាទីជម្រកសក្តិសមរបស់ពួកវា។
លោក ឈឿន សុជាតិ មន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានបញ្ជាក់ថា កំណើនយ៉ាងឆាប់រហ័សនៃចំនួនចាបព្រៃវែងនេះ គឺដោយសារកត្តាចំណីអាហារ ភូមិសាស្រ្តរស់នៅសមស្រប និងសុវត្ថិភាពក្នុងការរស់នៅ។ ចាបព្រៃវែង គឺជាសត្វរស់នៅជាហ្វូង តាមវាលស្មៅ គម្ពោតព្រៃ ពិសេសដើមត្រែង តំបន់វាលលំហរ និងតំបន់កសិកម្ម ជាទូទៅក្បែរមាត់ទឹក៕







ដោយ៖ម៉ាដេប៉ូ
