ភ្នំពេញ៖បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះបានបិទបញ្ចប់នារាត្រីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ក្រោមបរិយាកាសសប្បាយរីករាយខណៈរយៈពេល៣ថ្ងៃនៃការប្រារព្ធពិធីបានទាក់ទាញភ្ញៀវជាតិ អន្តរជាតិជាង៣១ម៉ឺននាក់ ។បន្តពីខេត្តក្រចេះ គឺខេត្តស្វាយរៀងនឹងធ្វើជាម្ចាស់រៀបចំបុណ្យទន្លេលើកទី១១ ឆ្នាំ២០២៧។
ព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្តក្រចេះបានបិទបញ្ចប់ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ,ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។ វត្តមានឯកឧត្តម ប៉េង ពោធិ៍សា គឺដោយសារខេត្តស្វាយរៀងនឹងធ្វើជាម្ចាស់ផ្ទះបុណ្យទន្លេលើកទី១១ នៅ
ឆ្នាំក្រោយ។
បុណ្យទន្លេបានបញ្ចប់ក្រោមបរិយាកាសសប្បាយរីករាយ ប្រកបដោយសណ្តាប់ធ្នាប់ សុវត្ថិភាព និងការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនភ្ញៀវជាតិនិងអន្តរជាតិ ក្នុងន័យជួយគាំទ្រ និងលើកស្ទួយ នូវបេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាលដែលមាននៅក្នុងទន្លេបៃតងដោយភាពយល់ច្បាស់ពីសក្តានុពលតាមរយៈវិស័យទេសចរណ៍ ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះប្រាប់ដល់បណ្ដាញសារព័ត៌មានឱ្យដឹងថា ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍បុណ្យទន្លេទទួលបានភ្ញៀវទេសចរសរុបចំនួន ៣១៧.៦៨៥នាក់ ក្នុងនោះទេសចរជាតិចំនួន ៣១១.២៣៧ នាក់ និងភ្ញៀវទេសចរបរទេសចំនួន ៦.៤៤៨នាក់។
គួររំលឹកថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវដែលប្រារព្ធឡើងរយពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ទាក់ទាញភ្ញៀវទេសចរជាង៣៥ម៉ឺននាក់ ក្នុងនេះភ្ញៀវទេសចរជាតិចំនួន ៣៥៧ ៩៦៦ នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ១ ០២៨ នាក់។
ការថយចុះបន្តិចនៃចំនួនទេសចរចូលរួមបុណ្យទន្លេឆ្នាំនេះ ត្រូវបានគេយល់គឺអាស្រ័យដោយស្ថានភាពសេដ្ឋកិច្ចជាសាកល ពិសេសស្ថានភាពតម្លៃប្រេងឥន្ធនៈ និងចំងាយពីរាជធានីភ្នំពេញ ។ប៉ុន្តែប្រការគួរគត់សម្គាល់ គឺចំនួនទេសចរបរទេសបានកើនឡើងស្ទើរតែ៥ ដងសម្រាប់បុណ្យទន្លេលើកទី១០។
គួរជម្រាបថា បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ប្រារព្ធក្រោមប្រធានបទ៖ ” ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល “ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាថ្ងៃសៅរ៍ទី២៩ ខែមីនា ។
បង្កើតឡើងក្នុងន័យលើកស្ទួយវិស័យទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនូវព្រឹត្តិការណ៍បុណ្យទន្លេនាឆ្នាំ២០១៥ តាមរបៀបឆ្លាស់វេន និងពិធីបុណ្យសមុទ្របង្កើតឡើងនិងចាប់ផ្ដើមរៀបចំជាលើកដំបូងនៅចុងឆ្នាំ ២០១១ បន្ទាប់ពីឆ្នេរសមុទ្រកម្ពុជាត្រូវបានបញ្ចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១។ ពិធីនេះរៀបចំឡើងដោយទម្រង់ប្តូរវេននៅតាមខេត្តជាប់មាត់សមុទ្រទាំង៤ គឺព្រះសីហនុ កោះកុង កំពត និងកែប ។នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំនិងក្រោមប្រធានបទផ្សេងៗ៕
ដោយ៖មុនី
រូបថត៖មន្ទីរព័ត៌មានខេត្តក្រចេះ