ក្រុមហ៊ុន តេលា ទើបនាំចូលឧស្ម័នហ្កាស LPG ចំនួនប្រមាណ ៣,៤ពាន់តោន តាមរយៈកប៉ាល់ដឹកជញ្ជូន ចូលចតនៅខេត្តព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ ដែលកំពុងខ្វះខាតនៅប្រទេសកម្ពុជា។

ក្រុមហ៊ុន តេលា ទើបនាំចូលឧស្ម័នហ្កាស LPG ចំនួនប្រមាណ ៣,៤ពាន់តោន តាមរយៈកប៉ាល់ដឹកជញ្ជូន ចូលចតនៅខេត្តព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ ដែលកំពុងខ្វះខាតនៅប្រទេសកម្ពុជា។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់កាលពីថ្ងៃចន្ទថា ការនាំចូលឧស្ម័នក្នុងបរិមាណដ៏ច្រើននេះ គឺជាវិធានការចាំបាច់ ដើម្បីដោះស្រាយបញ្ហាខ្វះខាតហ្កាសសម្រាប់ប្រើប្រាស់ក្នុងស្រុក ទាំងសម្រាប់គ្រួសារ និងវិស័យឧស្សាហកម្ម ក៏ដូចជា ជួយរក្សាតុល្យភាពទីផ្សារ និងស្ថិរភាពតម្លៃហ្កាស LPG កុំឱ្យមានការប្រែប្រួលខ្លាំង ដែលប៉ះពាល់ដល់ជីវភាពពលរដ្ឋ។
ទោះបីមានការលំបាកក្នុងការកប្រភពផ្គត់ផ្គង់ក្តី ក៏ក្រុមហ៊ុន តេលា នៅតែអាចនាំចូលហ្កាសចំនួន៥ជើងក្នុង១ខែ ប៉ុន្តែឯកឧត្តម កែវ រនៈ បានអះអាងថា បរិមាណនាំចូលនេះគឺមិនទាន់អាចឆ្លើយតបនឹងតម្រូវការទីផ្សារកម្ពុជាបានទេ ព្រោះជាធម្មតា ត្រូវនាំចូលពី ៧ទៅ៨ជើង ក្នុងមួយខែ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនសូគីមិចបានប្រកាសថា នឹងផ្អាកការផ្គត់ផ្គង់ហ្កាសចាប់ពីថ្ងៃទី ១ មេសា តទៅ។
ឯកឧត្តមរដ្ឋមន្រ្តីពន្យល់ថា ស្ថានភាពទីផ្សារថាមពលសកលកំពុងមានភាពតានតឹង ដោយសារសង្រ្គាមនៅមជ្ឈឹមបូព៌ា។ កត្តានេះនាំឲ្យបណ្តាប្រទេសនានាជុំវិញពិភពលោក សម្រុកដណ្តើមគ្នាទិញថាមពល ដើម្បីយកទៅផ្គត់ផ្គង់ និងរក្សាសន្តិសុខថាមពលក្នុងប្រទេសរៀងៗខ្លួន ជាហេតុធ្វើឲ្យតម្រូវការហក់ឡើងខ្ពស់ខុសពីធម្មតា ទាំងប្រេងឥន្ធនៈ និងឧស្ម័ន។
កម្ពុជា វៀតណាម បង់ក្លាដេស ស្រីលង្ការ ឥណ្ឌា គឺជាប្រទេសដែលកំពុងប្រឈមនឹងបញ្ហាខ្វះឧស្ម័នហ្កាសជាចម្បង។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម កែវ រតនៈ។ ក្នុងកាលៈទេសៈនេះ រាជរដ្ឋាភិបាល បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមប្រើប្រាស់ប្រេងឥន្ធនៈ និងហ្គាសដោយសន្សំសំចៃខ្ពស់បំផុត ខណៈស្ថានភាពសង្គ្រាមនៅតំបន់មជ្ឈិបបូព៌ាមិនទាន់ធូរស្រាលនៅឡើយ ហើយអាចបន្តអូសបន្លាយយូរទៀត។
ឧស្ម័ន LPG ឬហ្កាស់ គឺជាប្រភពថាមពលដ៏សំខាន់សម្រាប់វិស័យឧស្សាហកម្ម ការចម្អិនអាហារប្រចាំថ្ងៃ ភោជនីយដ្ឋាន ក៏ដូចជាប្រើប្រាស់ក្នុងវិស័យដឹកជញ្ជូន រួមមានរថយន្ត និងរថយន្តកង់បីជាដើម។
ពាក់ព័ន្ធនឹងការផ្គត់ផ្គង់នេះ ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា ស្ថានភាពហ្កាស់សម្រាប់ខែមីនា និងមេសា គឺមានស្ថិរភាពធម្មតា។ បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ៧ កំពុងសហការនាំចូលជាបន្តបន្ទាប់ ដើម្បីធានាឱ្យបាននូវតម្រូវការប្រើប្រាស់ក្នុងស្រុកដោយមិនមានការរអាក់រអួលឡើយ៕
ទួន សុផល