ភ្នំពេញ៖ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជំរុញឱ្យពន្លឿនសេវាបង្ការ និងកិច្ចគាំពារសង្គមសម្រាប់ប្រជាជនគន្លឹះ ។ប្រជាជនគន្លឹះនៅទីនេះ គឺសំដៅទៅលើឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍។

ភ្នំពេញ៖ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជំរុញឱ្យពន្លឿនសេវាបង្ការ និងកិច្ចគាំពារសង្គមសម្រាប់ប្រជាជនគន្លឹះ ។ប្រជាជនគន្លឹះនៅទីនេះ គឺសំដៅទៅលើឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍។
ក្នុងកិច្ចប្រជុំក្រុមការងារអន្តរក្រសួង តាមដានគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ នាថ្ងៃទី៣០ខែមីនា ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី បានលើកឡើងពីសមិទ្ធផលដែលបានសម្រេចជោគជ័យ នៃការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក ដែលធ្វើឱ្យអត្រាផ្ទុកមេរោគអេដស៍ នៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម ០.៥% (ឆ្នាំ២០២៤)។
ទន្ទឹមគ្នានេះឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ពីបញ្ហាប្រឈមមួយចំនួន។ឯកឧត្តមបញ្ជាក់ថា យោងលទ្ធផល ឆ្នាំ២០២៤ កន្លងមកការឆ្លងថ្មីមេរោគអេដស៍នៅកម្ពុជា បានធ្លាក់មកនៅត្រឹមចំនួន ១២០០ ករណី ប៉ុន្តែក៏ស្ថិតនៅឆ្ងាយពីគោលដៅយុទ្ធសាស្រ្តជាតិបានកំណត់ប្រមាណជា ២០០ករណី ក្នុង ១ឆ្នាំ ។ ចំណែកក្រុមប្រជាជនគន្លឹះ នៅមានអត្រាផ្ទុកមេរោគអេដស៍ខ្ពស់នៅឡើយ បើធៀបជាមួយប្រជាជនទូទៅ ។
ឯកឧត្តមបន្តថា ដូចនេះត្រូវបន្តសហការជាមួយគណៈអភិបាលរាជធានី ខេត្ត ដើម្បីជំរុញ និងលើកទឹកចិត្តក្រុមប្រជាជនគន្លឹះ និងពន្លឿនយន្តការចុះបញ្ជី ផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ដល់ក្រុមគោលដៅទាំងនេះឱ្យបានឆាប់រហ័ស និងទូលំទូលាយបំផុត ដើម្បីធានាបាននូវកិច្ចគាំពារសង្គម និងសេវាសុខាភិបាលប្រកបដោយសមធម៌ និងបរិយាបន្ន លើការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ។
គួរបញ្ជាក់ថា គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល គឺ៖ កាត់បន្ថយការឆ្លងថ្មី នៃមេរោគអេដស៍ឱ្យបានតិចជាង១នាក់/ថ្ងៃ ឬក្នុងរង្វង់ជាង២០០នាក់/ឆ្នាំ, កាត់បន្ថយការស្លាប់ដោយសារអេដស៍ឱ្យបានតិចជាង២០០នាក់/ឆ្នាំ និងលុបបំបាត់ការរើសអើង និងការមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ ។ នៅឆ្នាំ២០២៥ មានអ្នកផ្ទុកមេរោគអេដស៍ កំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ជាង ៧ម៉ឺននាក់ និងអ្នកផ្ទុកមេរោគអេដស៍ជាង ៥ម៉ឺននាក់ ស្មើនឹង៧៥% បានទទួលបណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស.) នៅតាមមូលដ្ឋានសុខាភិបាលទូទាំង ២៥ រាជធានី ខេត្ត ។ ចំណែកសន្ទស្សន៍ នៃការរើសអើង មាក់ងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ មានការថយចុះខ្លាំង គួរជាទីមោទនៈ ៕







ដោយ៖ វណ្ណលុក
