ក្រោយធ្វើការស្រាវជ្រាវអស់រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណអ្នកបើកបររថយន្តទំនើបបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៦នាក់នៅខេត្តបាត់ដំបងបានហើយ គឺឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលពេលនេះនៅតែមិនទាន់ចូលមកសារភាពចំពោះមុខសមត្ថកិច្ចនៅឡើយ។

ក្រោយធ្វើការស្រាវជ្រាវអស់រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណអ្នកបើកបររថយន្តទំនើបបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៦នាក់នៅខេត្តបាត់ដំបងបានហើយ គឺឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលពេលនេះនៅតែមិនទាន់ចូលមកសារភាពចំពោះមុខសមត្ថកិច្ចនៅឡើយ។
សមត្ថកិច្ចកំពុងតាមប្រមាញ់យុជនរូបនេះ ក្រោយឆែកកាមេរ៉ាសុវត្ថិភាពតាំងពីភ្នំពេញ រហូតដល់បាត់ដំបង បញ្ជាក់ថា ជននេះពិតជាអ្នកបើកបរបង្កសោកនាដកម្មស្លាប់មនុស្ស ៦នាក់ ពិតប្រាកដមែន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកាលពីថ្ងៃអង្គារ កម្លាំងជំនាញកំពុងសហការគ្នាយ៉ាងក្ដៅគគុក ដើម្បីតាមចាប់ខ្លួនជនបង្កមកផ្ដន្ទាទោសតាមច្បាប់។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតមកទល់ពេលនេះ ជនបង្កក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបង នៅមិនទាន់បង្ហាញឆន្ទៈចូលខ្លួនបំភ្លឺចំពោះមុខច្បាប់នៅឡើយ។ តែទោះជាយ៉ាងណា ឪពុករបស់ម្ចាស់រថយន្តបង្កបានចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយ ដើម្បីផ្ដល់ព័ត៌មានអំពីសាវតារបស់កូនប្រុស និងអង្គហេតុ ដែលនាំឱ្យមានសោកនាដកម្មនេះកើតឡើង។
សូមរម្លឹកថា កាលពីវេលាម៉ោង ២២ និង ៤០ នាទី យប់ថ្ងៃទី២៧ ខែមីនា រថយន្តធុន Mercedes Benz មួយគ្រឿង បានបើកបរក្នុងទិសដៅពីភ្នំពេញ ទៅខេត្តបាត់ដំបង បានបុករះម៉ូតូចំនួន២គ្រឿងនៅចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់នៅនឹងកន្លែង ក្នុងនោះជនរងគ្រោះម្នាក់មានគភ៌៣ខែក្នុងផ្ទៃទៀតផង។ ដោយឡែក កុមារវ័យ៧ឆ្នាំម្នាក់ទៀតរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ខេត្តសៀមរាប។ ម្ចាស់រថយន្ត វ័យ២០ឆ្នាំ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ត្រូវបានគេស្គាល់ថា ជាកូនរបស់ស្នងការរងម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការស្រាវជ្រាវករណីនេះឲ្យបានហ្មត់ចត់បំផុត និងអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះជនល្មើស ដោយគ្មានការលើកលែងឡើយ។
ឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រមានផងដែរថា បើអាណាព្យាបាលជនបង្កនៅតែបន្តលាក់បាំង ជនសង្ស័យជាកូននឹងរងទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ ដោយមិនអនុញ្ញាតឲ្យធ្វើដំណើរចេញទៅក្រៅប្រទេស និងបង្កកគណនេយ្យធនាគារជាដើម។
សមត្ថកិច្ចបានចេញដីកាកោះហៅម្ចាស់រថយន្តបង្កឱ្យចូលខ្លួនមកបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានគូសបញ្ជាក់លើបណ្តាញសង្គមផ្លូវការថា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម អង្គ វង្សវឌ្ឍានា បានចាត់តាំងមេធាវីការពារក្ដីជូនគ្រួសារសពទាំង ៦នាក់ ដើម្បីទទួលបានយុត្តិធម៌។
យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ បង្ហាញថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ២០២ករណី សម្លាប់មនុស្ស ១៧០នាក់ និងរបួស ៤១៧នាក់ ដែលទាមទារឱ្យមានការរឹតបន្តឹងច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត៕
ទួន សុផល