កងកម្លាំងយោធា និងអាជ្ញាធរថៃ បាននាំពលរដ្ឋខ្លួនចុះវាស់វែង និងត្រួតពិនិត្យផ្ទៃដីដាំដុះក្នុងតំបន់ជម្លោះនៅ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ដែលពួកគេកំពុងទន្រ្ទានកាន់កាប់ដោយខុសច្បាប់ ដើម្បីរៀបចំបែងចែកឱ្យកសិករថៃចូលមកបង្កបង្កើនផលក្នុងរដូវវស្សាខាងមុខ ទោះបីមានការជំទាស់យ៉ាងខ្លាំងក្លាពីភាគីកម្ពុជាក៏ដោយ។
បណ្តាញសង្គមផ្លូវការរបស់កងទ័ពថៃ Royal Thai Army កាលពីថ្ងៃពុធ បានផ្សាយថា អាជ្ញាធរថៃបានធ្វើសកម្មភាពឈូសឆាយនៅតំបន់នោះ និងបានបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ មានសុវត្ថិភាព ១០០% ហើយពួកគេបានត្រៀមខ្លួនរៀបចំឲ្យកសិករថៃចូលដាំដុះនៅរដូវវស្សាខាងមុខ។
កាលពីចុងខែមីនា បញ្ជាការដ្ឋានភាគខាងកើតរបស់ថៃ បាននាំពលរដ្ឋថៃជាង ១០នាក់ ចុះទៅពិនិត្យទីតាំងដីដែលពួកគេអះអាងថាជា ភូមិណងចាន់ ជាប់ភូមិជោគជ័យរបស់កម្ពុជា ដោយចោទប្រកាន់ថា កម្ពុជាបានកាន់កាប់ដីនោះអស់រយៈពេលជាង ៤០ឆ្នាំមកហើយ។
ក្នុងនោះ កងទ័ពថៃក៏បានស្ថាបនាផ្លូវដឹកជញ្ជូនថ្មីចំនួន ២ខ្សែ ចូលទៅកាន់តំបន់កសិកម្មទាំងនោះ និងបានប្រកាសដាក់កម្លាំងឈរជើងប្រចាំការរយៈពេលវែង ដើម្បីការពារសុវត្ថិភាពឱ្យពលរដ្ឋខ្លួន។
ចំពោះមុខសកម្មភាពនេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍តវ៉ា និងជំទាស់ជាបន្តបន្ទាប់ ដោយលិខិតចុងក្រោយបង្អស់ត្រូវបានផ្ញើទៅភាគីថៃកាលពីថ្ងៃទី២០ ខែមីនា។ កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធ មន្ត្រីព្រៃឈើ និងមន្ត្រីសុរិយោដីថៃ ដែលបានចុះមកវាស់វែង និងបែងចែកដី ដល់ពលរដ្ឋថៃនោះ គឺជាការរំលោភបំពានលើដែនដីកម្ពុជា ដែលស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចន្លោះបង្គោលព្រំដែនលេខ ៤៦ និង ៤៧។
ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ទង្វើរបស់ថៃនេះ គឺជាកូនសកម្មភាពតូចៗនៃភាពមិនស្របច្បាប់ ខណៈដែលកម្ពុជាបានធ្វើកំណត់ទូតតវ៉ាប្រឆាំងនឹងការកាន់កាប់ខុសច្បាប់របស់ភាគីថៃជាបន្តបន្ទាប់។
អ្នកនាំពាក្យដដែលគូសបញ្ជាក់ទៀតថា កន្លងទៅ អភិបាលខេត្តបន្ទាយមានជ័យក៏បានតវ៉ាទៅអភិបាលខេត្តស្រះកែវ ដែលចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋថៃដោយខុសច្បាប់។
ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការកិច្ចការព្រំដែន កំពុងតាមដានរាល់សកម្មភាពរំលោភបំពានទាំងនេះយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា៕
ទួន សុផល