អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបដិសេធទាំងស្រុងចំពោះការចុះផ្សាយរបស់ទំព័រហ្វេសប៊ុក Royal Thai Army កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលចោទប្រកាន់ថាមានការញុះញង់ពីភាគីកម្ពុជា។ អ្នកនាំពាក្យចាត់ទុកការផ្សាយនេះថា ជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន។ ការឆ្លើយតបនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានប្រើលេសនេះ ដើម្បីពង្រឹងរបងលួសបន្លា និងដាក់ពង្រាយរថពាសដែកក្នុងតំបន់ដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ទោះបីជាក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទើបតែចុះមកផ្ទៀងផ្ទាត់ស្ថានភាពកាលពីថ្ងៃទី២៩ ខែមីនាក៏ដោយ ក៏នៅថ្ងៃទី២ ខែមេសា វេលាម៉ោង ៦:២០នាទី យោធាថៃបានធ្វើសកម្មភាពយោធាដោយមិនបានជូនដំណឹងជាមុន រួមមាន៖ ការប្រើប្រាស់រថពាសដែក ២គ្រឿង និងកម្លាំងទ័ពប្រមាណ ៧០នាក់ ចូលមកទីតាំងច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។
យោធាថៃ បានបន្ថែមរបងលួសបន្លាលើទីតាំងដែលខ្លួនហ៊ុមព័ទ្ធកាន់កាប់ខុសច្បាប់ស្រាប់។ ទាក់ទិនបញ្ហានេះ ក្រុមទំនាក់ទំនងយោធភូមិភាគទី៤កម្ពុជា បានទាក់ទងទៅកងទ័ពភូមិភាគទី២ថៃ បញ្ជាឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ និងទាមទារឱ្យត្រឡប់មកគោរពកិច្ចព្រមព្រៀងដែលមានស្រាប់។
ក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា កងកម្លាំងកម្ពុជាតែងអនុវត្តភារកិច្ចដោយភាពអត់ធ្មត់ វិជ្ជាជីវៈ និងគោរពវិន័យខ្ពស់ ដើម្បីការពារអធិបតេយ្យជាតិ និងរក្សាសន្តិភាពតាមព្រំដែន។ កម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស GBC កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងបទឈប់បាញ់នានា ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។
ទន្ទឹមនេះ ក្រសួងការពារជាតិ ក៏បានអំពាវនាវឱ្យភាគីថៃត្រូវមានសុច្ឆន្ទៈ ភាពថ្លៃថ្នូរ និងភាពស្មោះត្រង់ ដូចកម្ពុជាដែរ ក្នុងការគោរពកិច្ចព្រមព្រៀងនានាឱ្យបានខ្ជាប់ខ្ជួន ដើម្បីវិលទៅរកស្ថានភាពប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រជាពលរដ្ឋតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ។
នៅក្នុងជំនួបកាលពីម្សិលមិញជាមួយឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរី សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់សារជាថ្មីថា ជំហររបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺការរក្សានូវបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពយូរអង្វែង។ ជាមួយគ្នានេះ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវឆន្ទៈដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចានៅក្នុងក្របខ័ណ្ឌនៃយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ៕
ទួន សុផល