សួនរុក្ខជាតិអង្គរ ដែលជាសួនរុក្ខជាតិដ៏មានសក្តានុពល និងធំជាងគេមួយនៅក្នុងខេត្តសៀមរាប ក៏ដូចជាក្នុងប្រទេសកម្ពុជា កំពុងត្រៀមលក្ខណៈរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានពង្រីកផ្ទៃដីសួននេះរហូតដល់ ១៥០ហិកតា ដែលជាទីប្រមូលផ្តុំទៅដោយរុក្ខជាតិឱសថ ផ្កា និងឈើព្រៃរាប់រយប្រភេទ។
លោក មាឃ បូរ៉ា អ្នកគ្រប់គ្រងទូទៅនៃសួនរុក្ខជាតិអង្គរ បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សួននឹងរៀបចំ “ពិព័រណ៍សត្វល្អិត និងសត្វស្លាប” ដើម្បីបង្ហាញពីជីវៈចម្រុះដែលកំពុងរស់នៅក្នុងបរិវេណសួន និងក្នុងតំបន់អង្គរ។ ការរៀបចំនេះ មានគោលបំណងចម្បង ដើម្បីឱ្យភ្ញៀវទេសចរបានស្វែងយល់កាន់តែច្បាស់ពីដង្ហើមជីវិតរបស់សត្វលោក ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ។ បន្ថែមពីនេះ ក៏មានការតាំងបង្ហាញសត្វព្រៃកម្រមួយចំនួនដែលកំពុងមានវត្តមានក្នុងតំបន់អង្គរ ដូចជា៖ សត្វភេ ទោចម្កុដ និងសត្វស្លាបចម្រុះ ដែលសុទ្ធសឹងជាសត្វទទួលបានការថែរក្សា និងអភិរក្សយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរជាតិអប្សរា។
ក្រៅពីពិព័រណ៍សត្វ និងរុក្ខជាតិមានស្រាប់ សួនរុក្ខជាតិអង្គរក៏បានបង្កើនសោភ័ណភាពបន្ថែមតាមរយៈការរៀបចំ សួនផ្កាកូលាប និងសួនកេសរកូល (ផ្កាឡំអង់) ដើម្បីផ្តល់នូវចំណីចក្ខុដ៏ស្រស់ត្រកាលសម្រាប់អ្នកទស្សនា។ ទន្ទឹមនឹងនោះ ក៏មានការរៀបចំតំបន់កម្សាន្តសម្រាប់កុមារ និងការតុបតែងលម្អតាមរចនាប័ទ្មបុណ្យចូលឆ្នាំ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី។
គួររំឮកផងដែរថា សួនរុក្ខជាតិអង្គរត្រូវបានកែលម្អ និងបើកដំណើរការជាផ្លូវការកាលពីឆ្នាំ២០២២។ គិតមកទល់ពេលនេះ សួនទទួលបានភ្ញៀវទេសចរចូលទស្សនាប្រមាណជាង ៦០ម៉ឺននាក់ហើយ។ សួនរុក្ខជាតិអង្គរ បើកជូនសាធារណជនចូលទស្សនាដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃអង្គារ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៦:០០ល្ងាច៕