បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្ករក្រអូបកម្ពុជាបង្ហាញខ្លួននៅក្នុងបណ្តាញលក់រាយឈានមុខគេមួយនៅអាស៊ី

អង្ករក្រអូបកម្ពុជាបង្ហាញខ្លួននៅក្នុងបណ្តាញលក់រាយឈានមុខគេមួយនៅអាស៊ី

ក្រសួងពាណិជ្ជកម្មប្រកាសថា កម្ពុជាសម្រេចបានសមិទ្ធផលថ្មីមួយទៀតក្នុងការជំរុញការនាំចេញអង្ករក្រអូបប្រណីតទៅកាន់ទីផ្សារអន្តរជាតិ ដោយចាប់ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ តទៅ អង្ករក្រអូបកម្ពុជា ម៉ាក “Golden King” ត្រូវបានដាក់លក់ជាផ្លូវការនៅតាមបណ្តាញលក់រាយយ៉ាងហោចណាស់ ៣៤៥ ទីតាំង ក្នុងទីក្រុងហុងកុង និងប្រទេសកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Amru Rice (Cambodia) និងសម្ព័ន្ធក្រុមហ៊ុន DFI Retail Group។

Advertisement

អង្ករក្រអូបកម្ពុជា (ប្រភេទ ផ្ការំដួល) បានឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោក ចំនួន ៧លើក ដែលពានរង្វាន់ចុងក្រោយ កម្ពុជាទទួលបាននៅក្នុងឆ្នាំ២០២៥។ សមិទ្ធផលនេះ ឆ្លុះបញ្ចាំងអំពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញខ្សែច្រវាក់តម្លៃបន្ថែម តាមរយៈការសម្របសម្រួលពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម និងភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងឯកជន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

DFI Retail Group គឺជាសម្ព័ន្ធក្រុមហ៊ុនលក់រាយឈានមុខគេមួយនៅអាស៊ី ដែលមានប្រតិបត្តិការលើវិស័យផ្សារទំនើប ហាងលក់ទំនិញថែរក្សាសុខភាព និងសម្រស់ ព្រមទាំងមានហាងទំនិញ និងហាងលក់សម្ភារៈតុបតែងផ្ទះជាច្រើនកន្លែងក្នុងតំបន់ ក្នុងនោះរួមមានបណ្តាញ ផ្សារទំនើប Wellcome នៅហុងកុង ដែលមានចំនួន ២៤៥ ទីតាំង និងផ្សារទំនើបឡាក់គឺ នៅទូទាំងប្រទេសកម្ពុជា ប្រមាណ ១០០ ទីតាំង។

កិច្ចសហប្រតិបត្តិការនេះ បានផ្តល់លទ្ធភាព ឱ្យអ្នកនាំចេញអង្ករកម្ពុជាអាចចូលទៅកាន់ទីផ្សារលក់រាយដោយផ្ទាល់ និងទូលំទូលាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។

ក្រសួងពាណិជ្ជកម្មគូសបញ្ជាក់ថា វត្តមានរបស់អង្ករក្រអូបម៉ាក “Golden King” នៅតាមបណ្តាញផ្សារទំនើបឡាក់គី នៅកម្ពុជា និងផ្សារទំនើប Wellcome នៅហុងកុង បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» របស់ក្រសួងពាណិជ្ជកម្ម។

យុទ្ធនាការនេះមានគោលដៅបង្ហាញពីភាពសម្បូរបែបនៃផលិតផលក្នុងស្រុក ពង្រឹងទំនុកចិត្តរបស់អតិថិជនមកលើផលិតផលជាតិ និងជួយសម្រួលដល់ការស្វែងរកផលិតផលខ្មែរប្រកបដោយ គុណភាព និងជាការលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលកម្ពុជាទាំងនៅក្នុង និងក្រៅប្រទេស។

អង្ករក្រអូបរបស់ក្រុមហ៊ុន Amru Rice (Cambodia) ត្រូវបានប្រមូលទិញដោយផ្ទាល់ពីសហគមន៍កសិកម្ម ដែលអនុវត្តបច្ចេកទេសដាំដុះប្រកបដោយចីរភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ ការអនុវត្តនេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំលើគោលការណ៍និរន្តរភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមលើកកម្ពស់អង្ករកម្ពុជាឱ្យក្លាយជាជម្រើសយុទ្ធសាស្ត្រក្នុង ខ្សែច្រវាក់ផ្គត់ផ្គង់សកល។

កាលពីឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករជាង ៩៤ម៉ឺនតោន ទៅកាន់គោលដៅចំនួន ៧៥ នៅលើពិភពលោក គិតជាទឹកប្រាក់បានចំនួនជាង ៦០០លានដុល្លារអាមេរិក។ តួលេខនាំចេញនេះ កើនឡើងជាង ៤៥% បើធៀបនឹងឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា