មន្ត្រីជំនាញក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ចុះពិនិត្យស្រាវជ្រាវករណីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចំនួន ២រូប ដែលជាប់សង្ស័យថាបានទាមទារប្រាក់ចំនួន៦០០ដុល្លារ ពីរោងចក្រកែច្នៃដំណាប់ស្វាយមួយ នៅខេត្តកំពង់ស្ពឺ។

មន្ត្រីជំនាញក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ចុះពិនិត្យស្រាវជ្រាវករណីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចំនួន ២រូប ដែលជាប់សង្ស័យថាបានទាមទារប្រាក់ចំនួន៦០០ដុល្លារ ពីរោងចក្រកែច្នៃដំណាប់ស្វាយមួយ នៅខេត្តកំពង់ស្ពឺ។
មន្រ្តីនៃក្រសួងបរិស្ថានបានចុះទៅដល់ទីតាំងរោងចក្រខ្នាតតូច កែឆ្នៃដំណាប់ស្វាយ ឈ្មោះ ហុង ចេងហ្វាង ដែលមានទីតាំងនៅក្នុងភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានជួបតំណាងក្រុមហ៊ុនជាជនជាតិចិន និងអ្នកបកប្រែចំនួន២នាក់ ហើយបានសួរសំណួរស៊ើបអង្កេតជាច្រើន ដើម្បីស្វែងរកការពិត និងរកភាពស្អាតស្អំជូនភាគីម្ចាស់ក្រុមហ៊ុន ក៏ដូចជាភាគីមន្ត្រីនៃមន្ទីរបរិស្ថាន។
ការចុះស៊ើបអង្កេតនៅទីតាំងរោងចក្រនេះ ធ្វើឡើងតាមបញ្ជារបស់ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បន្ទាប់ពីឃើញការផ្សព្វផ្សាយថា មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានទារប្រាក់ពីរោងចក្រចំនួន ១ ៥០០ដុល្លារ ជាថ្នូរនឹងការធ្វើរបាយការណ៍បិទបាំងការវាយតម្លៃមិនល្អលើការងារគ្រប់គ្រងសំណល់រឹង រាវ ក្នុងរោងចក្រ ប៉ុន្តែក្រោយមក បានព្រមព្រៀងគ្នាត្រឹម ៦០០ដុល្លារ។
បន្ទាប់ពីបានឃើញការផ្សព្វផ្សាយ នៅថ្ងៃទី៤ ខែមេសា ឯកឧត្ដម អ៊ាង សុផល្លែត បានប្រកាសថា ក្រសួងបរិស្ថាននឹងមិនទុកឱ្យករណីនេះចប់ដោយមិនដឹងខុសត្រូវ ហើយមិនមានអ្នកទទួលខុសត្រូវនោះទេ។ ក្រសួងបរិស្ថាន មិនអនុញ្ញាតឱ្យមន្ត្រីប្រព្រឹត្តអំពើខុសឆ្គងនោះទេ។ មន្ត្រីប្រព្រឹត្តខុសនឹងទទួលខុសត្រូវ តែបើមិនបានប្រព្រឹត្តខុសទេ នឹងទទួលបានយុត្តិធម៌។
សូមបញ្ជាក់ថា ការចុះស៊ើបអង្កេតដោយផ្ទាល់ពីក្រសួងនេះត្រូវបានធ្វើឡើង ទោះបីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានប្រញ៉ាប់ប្រញ៉ាល់ចេញសេចក្តីប្រកាសបដិសេធការចោទប្រកាន់ក៏ដោយ។ មន្ទីរបរិស្ថានខេត្តទទួលស្គាល់ថា មន្រ្តីរបស់ខ្លួនពិតជាបានចុះទៅត្រួតពិនិត្យ ដោះស្រាយការបំពុលបរិស្ថាននៅរោងចក្រកែច្នៃដំណាប់ផ្លែឈើនេះមែន ប៉ុន្តែមិនបានទារប្រាក់កាសអ្វីឡើយ។
មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺចាត់ទុកការបង្ហោះព័ត៌មាននេះថា គ្មានមូលដ្ឋានត្រឹមត្រូវច្បាស់លាស់ ក្នុងន័យបំភ្លៃបំផ្លើស បង្ខូចបង្កាច់កេរ្តិ៍ឈ្មោះ ចេតនាញុះញង់ បង្កប់គំនិតទុច្ចរិត ធ្វើឱ្យសាធារណមតិមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់មន្ត្រី និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។ ដូច្នេះ ការស៊ើបអង្កេត របស់ក្រសួងបរិស្ថាននឹងលាតត្រដាងការពិតនៅពេលខាងមុខ៕




ដោយ៖ ង៉ាន់ ទិត្យ
