បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញ៖ ការជួសជុលប្រាសាទព្រះវិហារឡើងវិញ អាចត្រូវចំណាយពេលរហូតដល់ ៣០ឆ្នាំ

អ្នកជំនាញ៖ ការជួសជុលប្រាសាទព្រះវិហារឡើងវិញ អាចត្រូវចំណាយពេលរហូតដល់ ៣០ឆ្នាំ

តាមការវាយតម្លៃផ្នែកបច្ចេកទេស កិច្ចការស្ដារនិងជួសជុលចំណុចខូចខាតធ្ងន់ធ្ងរប្រាសាទព្រះវិហារ ដែលបង្កឡើងដោយគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទរបស់យោធាថៃ អាចនឹងត្រូវប្រើពេលចន្លោះពី ២០ ទៅ ៣០ឆ្នាំ ដើម្បីលើកតម្លៃសោភ័ណភាពប្រាសាទឱ្យវិលត្រឡប់មករកសភាពដើមឡើងវិញ។ នេះបើតាមការបញ្ជាក់របស់លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ កាលពីថ្ងៃចន្ទ។

Advertisement

លោក គង់ ពុទ្ធិការ បានឲ្យដឹងទៀតថា កញ្ចប់ថវិកាប្រមាណជាង ៧០ លានដុល្លារអាមេរិក ត្រូវបានគេប៉ាន់ស្មានថា នឹងត្រូវប្រើប្រាស់សម្រាប់កិច្ចការអភិរក្ស និងជួសជុលប្រាសាទព្រះវិហារឡើងវិញ បន្ទាប់ពីមរតកដូនតាខ្មែរមួយនេះបានក្លាយជាគោលដៅវាយប្រហារពីយោធាថៃ។

លោកអគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានសង្កត់ធ្ងន់ថា ការវាយតម្លៃលើទំហំថវិកានេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញរបស់អង្គការយូណេស្កូ (UNESCO) បានចុះពិនិត្យ និងសិក្សាស្ថានភាពជាក់ស្ដែងនៃការខូចខាតប្រាសាទកាលពីដើមខែមីនា ឆ្នាំ២០២៦។ ថវិកាទាំងនេះនឹងត្រូវប្រើប្រាស់ទៅលើការជួសជុលរចនាសម្ព័ន្ធថ្ម ដែលបែកបាក់ និងការលើកតម្លៃសោភ័ណភាពប្រាសាទ ដែលជាបេតិកភណ្ឌពិភពលោកឱ្យវិលត្រឡប់មករកស្ថានភាពដើមវិញ។

កិច្ចការដ៏លំបាកនេះ មិនត្រឹមតែទាមទារថវិកាច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការអ្នកជំនាញផ្នែកបុរាណវិទ្យា និងស្ថាបត្យកម្មកម្រិតខ្ពស់ ដើម្បីធានាថាការជួសជុលមិនធ្វើឱ្យប៉ះពាល់ដល់តម្លៃជាសកលនៃប្រាសាទបុរាណខ្មែរមួយនេះឡើយ។

ទំហំខូចខាតពិតប្រាកដនៃប្រាសាទព្រះវិហារត្រូវបានអ្នកជំនាញអង្គការយូណេស្កូ (UNESCO) អះអាងថា មានសភាពធ្ងន់ធ្ងរខ្លាំង ពីអ្វីដែលបានឃើញតាមរយៈរូបភាព។ អង្គការយូណេស្កូកំពុងបង្កើតមូលនិធិសង្គ្រោះបន្ទាន់ ដើម្បីគាំទ្រដល់កិច្ចការស្ដារ និងទប់ស្កាត់ការខូចខាតបន្តនៃបេតិកភណ្ឌពិភពលោកមួយនេះ។

យោងតាមការសិក្សារួមគ្នារវាងអាជ្ញាធរជាតិព្រះវិហារ និងអ្នកជំនាញអន្តរជាតិ ផែនការសង្គ្រោះបឋមមានអាទិភាពធំៗ រួមមាន ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះដ៏ច្រើនលើសលប់នៅជុំវិញតំបន់ប្រាសាទ, ការប្រមូល និងថែរក្សារាល់បំណែកថ្មប្រាសាទដែលបានបាក់បែក ព្រមទាំងការថតរូប និងចងក្រងឯកសារបច្ចេកទេសឱ្យបានលម្អិតបំផុតដើម្បីត្រៀមសម្រាប់ការជួសជុល។

ទោះបីជាកិច្ចការនេះមានភាពស្មុគស្មាញ និងទាមទារពេលវេលាយូរអង្វែង ក៏អាជ្ញាធរជាតិព្រះវិហារ និងអង្គការយូណេស្កូ ប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួសជុលមរតកដូនតាខ្មែរមួយនេះ មិនឱ្យបន្តបាត់បង់តម្លៃជាសកលរបស់ខ្លួនឡើយ៕

រូបភាព ជីម ភារ៉ា
ផលិត ជាវ ចន្ធូ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា