កំពង់ចាម៖អត្រាអ្នកអានសៀវភៅធ្លាក់ចុះ ,កង្វះកត្តាធនធានថវិកា ដោយសារឥទ្ធិពលនៃការឡើងថ្លៃប្រេងឥន្ធនៈ រួមទាំងកត្តាកង្វះសៀវភៅ ធ្វើឱ្យក្រុមយុវជន«តស់អាន» ផ្អាកការតាំងសៀវភៅសម្រាប់ឱ្យសាធារណជនអាននៅសួនច្បារប្របដងទន្លេ ខេត្តកំពង់ចាមមួយរយៈ។

កំពង់ចាម៖អត្រាអ្នកអានសៀវភៅធ្លាក់ចុះ ,កង្វះកត្តាធនធានថវិកា ដោយសារឥទ្ធិពលនៃការឡើងថ្លៃប្រេងឥន្ធនៈ រួមទាំងកត្តាកង្វះសៀវភៅ ធ្វើឱ្យក្រុមយុវជន«តស់អាន» ផ្អាកការតាំងសៀវភៅសម្រាប់ឱ្យសាធារណជនអាននៅសួនច្បារប្របដងទន្លេ ខេត្តកំពង់ចាមមួយរយៈ។
លោក ថេង ធី ជាសហស្ថាបនិក ក្រុម «តស់អាន» បានប្រាប់បណ្តាញព័ត៌មាន AMS កាលពីថ្ងៃអង្គារថាបច្ចុប្បន្នមានអត្រា ធ្លាក់ចុះចំនួនអ្នកអាន ពី៤០នាក់ មកត្រឹមតែក្រោម១០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។
លោកកត់សម្គាល់ថា”ការធា្លក់ចុះនេះខ្ញុំគិតថាមកពីសៀវភៅខាងខ្ញុំវាចាស់ៗ។វាអត់មានសៀវភៅថ្មីៗដែលមានការឧបត្ថម្ភពីខាងណាមួយឡើយ។ ដូច្នេះវាជាចំណុចមួយដែលពួកគាត់មកអានអត់មានសៀវភៅថ្មី អត់មានការទាក់ទាញ និងចង់អានទៀតដែរ”។
ក្រុមយុវជន«តស់អាន» ដែលមានសមាជិកចំនួន៤នាក់ បានផ្តួចផ្តើមបង្កើតកន្លែងអានសៀវភៅនៅសួនច្បារតាមដងទន្លេមេគង្គ ខេត្តកំពង់ចាម ចាប់តាំងពីឆ្នាំ ២០២៣ មកម្ល៉េះ។ ពោលគឺមានរយៈពេលជាង ២ឆ្នាំមកហើយ។
ក្រុមរបស់លោកបានបើកឱ្យសាធារណៈជនអានដោយឥតគិតថ្លៃនៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងអាទិត្យ ដោយមានសៀវភៅជាង ៥០០ចំណងជើង រួមមាន រឿងនិទាន ប្រលោមលោក ប្រវត្តិសាស្ត្រ និង អប់រំចិត្ត។ អ្នកអានក៏អាចខ្ចីសៀវភៅយកនៅផ្ទះ ផងដែរ ដោយមិនកំណត់ពេលវេលាឡើយ។
លោក ថេង ធី សហស្ថាបនិកក្រុមនេះ និយាយថា រយៈពេលជាង២ឆ្នាំមកនេះ បណ្ណាល័យចល័តរបស់លោក បានរួមចំណែកជំរុញឱ្យកុមារ និងយុវជនជាច្រើនមានទម្លាប់អានសៀវភៅ។
លោកបញ្ជាក់ថា ពួកខ្ញុំទទួលបានការសរសើរពីអ្នកអាន លោកគ្រូអ្នកគ្រូ ការផ្តល់គុណតម្លៃដល់អ្នកអាន ពួកគាត់ទទួលបានចំណេះដឹង ហើយទទួលបានសៀវភៅអានដោយឥតគិតថៃ្ល ទោះបីពួកគាត់អត់មានលុយទិញសៀវភៅ មានសៀវភៅជាច្រើនដែលពួកគាត់អាចជ្រើសរើសខ្ចីយកទៅអាននៅផ្ទះ។
បើទោះជាមានការខកចិត្តដោយការធ្លាក់ចុះនៃការអានរបស់សាធារណៈជន និងដោយសារបរិបទនៃតម្លៃថាមពលឡើងថ្លៃខ្លាំងដែលធ្វើឱ្យប៉ះពាល់ដល់ការងារស្ម័គ្រចិត្តនៃក្រុមយុវជន «តស់អាន» របស់លោក សហស្ថាបនិកក្រុមនេះ នៅតែរក្សាការតាំងចិត្តថា លោកនឹងវិលមកបន្តបេសកកម្មជំរុញការអាននេះឡើងវិញនៅពេលវេលាសមស្របណាមួយ ក្នុងពេលខាងមុខ។
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា បានផ្តល់យោបល់ថា កន្លែងអានសៀវភៅមួយដើម្បីទាក់ទាញអ្នកអានឱ្យបានច្រើន គឺត្រូវតែមានសៀវភៅគ្រប់គ្រាន់ដែលឆ្លើយតបតម្រូវការអ្នកអាននិងត្រូវមានសកម្មភាពកម្សាន្តដែលជំរុញការអានសៀវភៅដល់កុមារ។
លោកសុទ្ធិ បន្តថា ទម្លាប់នៃការអានសៀវភៅដែលកើតចេញពីក្រុមគ្រួសារ គឺជាគំរូផ្តល់អត្ថប្រយោជន៍ដល់កុមារ និងសមាជិកគ្រួសារ ឱ្យមានទម្លាប់អានសៀវភៅផងដែរ។
ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៥ ថា វប្បធម៌នៃការអានសៀវភៅ គឺមានសកម្មភាពតែនៅក្នុងសាលារៀន តែមិនទាន់មាននិន្នាការនៃការអានសម្រាប់មនុស្សគ្រប់វ័យនៅឡើយ។
ចំណែកលោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការៀបចំសកម្មភាពជំរុញការអានរបស់ក្រុមយុវជននិងក្រុមនិស្សិតគឺជាសកម្មភាពគំរូមួយដែលរួមចំណែកដល់ការអភិវឌ្ឍការអានសៀវភៅនៅក្នុងសង្គម៕
ដោយ៖សៅ សុខអេង
