ភ្នំពេញ៖វត្ថុបុរាណខ្មែរចំនួន២០រូប ដែលកាន់កាប់ដោយបុគ្គលឯកជននៅតំបន់អាស៊ីត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា ដោយជោគជ័យកាលពីយប់ថ្ងៃអាទិត្យទី៥ ខែមេសានេះ។

ភ្នំពេញ៖វត្ថុបុរាណខ្មែរចំនួន២០រូប ដែលកាន់កាប់ដោយបុគ្គលឯកជននៅតំបន់អាស៊ីត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា ដោយជោគជ័យកាលពីយប់ថ្ងៃអាទិត្យទី៥ ខែមេសានេះ។

វត្ថុបុរាណខ្មែរដែលសាងពីថ្មភក់ និងសំរឹទ្ធទាំងនេះ មានរចនាបថបាយ័ន នៃចុងសតវត្សទី១២ ដើមសតវត្សទី១៣ នៃ គ. ស និងនៅក្នុងសម័យអង្គរ សតវត្សទី១១ និងទី១២ នៃគ. ស។

លោក Bradley J. Gordon ទីប្រឹក្សា ផ្នែកច្បាប់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់បណ្តាញព័ត៌មានAMS នៅថ្ងៃអង្គារទី៧ ខែមេសាឆ្នាំ២០២៦ថាមូលហេតុនៃការនាំចេញវត្ថុបុរាណខ្មែរទាំងនេះពីប្រទេសកម្ពុជាកំពុងស្ថិតក្នុងការស្រាវជ្រាវ។លោកបានបញ្ជាក់ថាវត្ថុបុរាណទាំងនេះត្រូវបានត្រឡប់មកផ្ទះវិញដោយសារអ្នកប្រមូលម្នាក់ដែលបានស្ម័គ្រចិត្តប្រគល់ឱ្យម្ចាស់ដើមវិញ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកការប្រគល់មកវិញនៃវត្ថុទាំងនេះគឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀតតាមរយៈកិច្ចខិត ខំប្រឹងប្រែងជាប្រចាំរបស់កម្ពុជា ក្នុងការទាមទារ និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។
ការទាមទារវត្ថុបុរាណខ្មែរត្រឡប់មកមាតុភូមិកំណើតវិញនេះគឺសម្រេចបានដោយមានការចូលរួមជ្រោមជ្រែងពីអ្នកជំនាញនៃក្រុមការងារស្រាវជ្រាវ និងអ្នកជំនាញផ្នែកច្បាប់ គឺលោក Imran Hamid Khwaja មេធាវីដែលមានបទពិសោធន៍ការដោះស្រាយវិវាទអន្តរជាតិ លោក Khwaja និងលោក Bradley J. Gordon នៃក្រុមហ៊ុន Edenbridge Asia និងជាទីប្រឹក្សាផ្នែកច្បាប់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរជាតិ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថាវត្ថុបុរាណខ្មែរដែលទើបតែ ត្រឡប់មកកម្ពុជាវិញនេះ នឹងត្រូវរក្សាទុកក្នុងឃ្លាំងសារមន្ទីរជាតិដើម្បីពិនិត្យ អភិរក្ស ជួសជុល និងស្រាវជ្រាវបន្ថែម មុននឹងដាក់តាំងបង្ហាញជាសាធារណៈ។
កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ សារមន្ទីរ Reading Public Museum នៅសហរដ្ឋអាម៉េរិកក៏បានប្រកាសពីការប្រគល់រូប ចម្លាក់ខ្មែរនៅសតវត្សទី១០ ត្រឡប់មកឱ្យកម្ពុជាវិញនៅខែឧសភាខាងមុខផងដែរ៕
ដោយ៖សៅ សុខអេង
