ភ្នំពេញ៖ទីភ្នាក់ងារវាយតម្លៃ Moody’s បានកែប្រែទស្សនៈវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមានទៅជាស្ថិរភាព បន្ទាប់ពីសហរដ្ឋអាម៉េរិកបានលើកលែងពន្ធមួយចំនួនសម្រាប់ទំនិញនាំចូលពីកម្ពុជា។
ខណៈដែលសហរដ្ឋអាម៉េរិកដាក់សម្ពាធពន្ធលើទំនិញនាំចូលពីកម្ពុជាកាលពីឆ្នាំកន្លងទៅ Moody’s ដែលជាស្ថាប័នវាយតម្លៃមួយរបស់ពិភពលោក បានបង្ហាញទស្សនៈវិស័យចំពោះកម្ពុជាអវិជ្ជមាន។
លោក ង៉ែត ជូ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ យល់ឃើញថាការកែប្រែទស្សនៈវិស័យនេះ គឺពឹងផ្អែកលើកម្រិតបំណុល និងលទ្ធភាពសងបំណុលរបស់កម្ពុជា។
លោកបញ្ជាក់«មានន័យថាកម្រិតបំណុលរបស់កម្ពុជា នៅមានកម្រិតទាបនៅឡើយ និងមានលទ្ធភាពសងទៅម្ចាស់បំណុលបាន។ ជារួមអាចផ្ដល់នូវទំនុកចិត្តអ្នកវិនិយោគបរទេសមកវិនិយោគនៅកម្ពុជា»។
Moody’s ពន្យល់ថាការកែប្រែទស្សនៈវិស័យរបស់ខ្លួនដោយសារខ្លួនយល់ថារដ្ឋាភិបាលកម្ពុជាធ្វើបានល្អក្នុងការគ្រប់គ្រងបំណុល ហើយសេដ្ឋកិច្ចជាតិនៅតែបន្តរីកចម្រើនក្នុងរង្វង់ ៤,៥ភាគរយ បើទោះជាទំនិញនៅលើពិភពលោកឡើងថ្លៃក៏ដោយ។ បន្ថែមពីនេះ Moody’s បានបញ្ជាក់ថា កម្ពុជានៅមានប្រាក់បម្រុងអន្តរជាតិច្រើនគ្រាន់បើដែលអាចជួយធានាដល់ការបញ្ជាទិញទំនិញពីក្រៅប្រទេស និងជួយឱ្យតម្លៃលុយខ្មែរនៅមានលំនឹងល្អ។
បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ច យល់ឃើញថា ដ្បិតសេដ្ឋកិច្ចកម្ពុជា រងនូវសម្ពាធជាច្រើន ប៉ុន្តែកម្ពុជា នៅតែអាចគ្រប់គ្រងបំណុលល្អប្រសើរទំាងបំណុលឯកជន និងបំណុលសាធារណៈ។
បណ្ឌិតបញ្ជាក់ថា «បំណុលសារណៈយើងនៅចន្លោះ១៨ទៅ២០ភាគរយនៅឡើយ ។អ៊ីចឹងវាអត់ទាន់ដល់ពិដានទេ។ ទាំងកម្ចីរូបវ័ន្តបុគ្គល និងសារណៈ យើងនៅមានសុខភាពល្អ»។
បើតាមរបាយការណ៍ចុងក្រោយពីធនាគារពិភពលោកកាលពីខែមករា ឆ្នាំ២០២៦ កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងថយល្បឿនបន្តិចមកត្រឹម ៤,៣ភាគរយ ដែលតួលេខនេះស្របទៅនឹងការព្រមានរបស់ Moody’s ដែរ។ មូលហេតុធំដែលធ្វើឱ្យសេដ្ឋកិច្ចដើរយឺតជាងមុន គឺដោយសារវិស័យដីធ្លី និងផ្ទះសម្បែងនៅតែបន្តស្ងប់ស្ងាត់យូរជាងការរំពឹងទុក រួមទាំងការធ្លាក់ចុះនៃលុយកាក់ដែលពលករខ្មែរនៅក្រៅប្រទេសផ្ញើមកផ្ទះ ដែលកាលពីមុនគឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ជួយដល់ការចាយវាយក្នុងស្រុក។
ទោះបីជាមើលឃើញចំណុចល្អខ្លះក៏ដោយ Moody’s ក៏បានដាក់សញ្ញាប្រុងប្រយ័ត្នថា ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជានៅតែមានចំណុចងាយរងគ្រោះ។ គ្រោះថ្នាក់ធំបំផុត គឺការកើនឡើងនៃបំណុលវ័ណ្ឌក ឬការជំពាក់លុយធនាគារដែលសងមិនរួចនៅក្នុងវិស័យដីធ្លី និងផ្ទះសម្បែង រួមជាមួយការរារែកចិត្តរបស់អ្នកវិនិយោគបរទេសក្នុងការចាក់លុយចូលស្រុកខ្មែរ។ កត្តាទាំងនេះហើយ ដែលនៅតែជារបាំង ធ្វើឱ្យកម្ពុជាមិនទាន់អាចដំឡើងពិន្ទុ ឬចំណាត់ថ្នាក់សេដ្ឋកិច្ចឱ្យខ្ពស់ជាងកម្រិត B2 បាននៅឡើយ៕
ដោយ៖ខន ណារី