កម្ពុជា បានផ្ញើកំណត់ទូតជាថ្មីកាលពីថ្ងៃទី៧ ខែមេសា ដើម្បីជំរុញឱ្យភាគីថៃចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក្នុងគោលបំណងបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នឱ្យបានឆាប់ ជៀសវាងការអូសបន្លាយពេលតទៅទៀត។ ភាគីកម្ពុជាស្នើរៀបចំកិច្ចប្រជុំពិសេស JBC កម្ពុជា-ថៃ នៅខេត្តសៀមរាប ចន្លោះថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។
កម្ពុជាក៏បានស្នើភាគីឲ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះ ចុះទៅដីជាក់ស្តែងចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ដើម្បីបន្តបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនលេខ ៤២ ដល់ ៤៧ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងលេខ ៥២ ដល់ ៥៩ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
លើសពីនេះ កម្ពុជា ចង់ឲ្យក្រុមការងារបច្ចេកទេសចុះសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ ដែលជាគំរូដើមជំនាន់បារាំង នៅទីតាំងដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។
ជាមួយគ្នានេះ កម្ពុជាលើកឡើងពៅភាពចាំបាច់ក្នុងការចាត់បញ្ជូនក្រុមវាស់វែងចម្រុះ ចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅតំបន់បឹងត្រកួន អូរស្មាច់ អានសេះ ថ្មដា និងតំបន់ផ្សេងៗទៀត ស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ GBC កាលចុងឆ្នាំ២០២៥។
កំណត់ទូតរបស់កម្ពុជា ក៏បានស្នើចុះវាស់វែងខណ្ឌសីមាលើដីជាក់ស្តែងនៅតាមចន្លោះបង្គោលព្រំដែន ដែលបានឯកភាពគ្នា ដោយយកខ្សែព្រំដែនដើរតាមផ្លូវទឹក និងខ្សែព្រំដែនជាបន្ទាត់ត្រង់) នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ស្របតាមស្មារតីនៃកិច្ចប្រជុំ JBC លើកទី៦ នៅភ្នំពេញ និងស្នើរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះ នៅដើមខែឧសភា ឆ្នាំ២០២៦ ផងដែរ។
ទន្ទឹមនឹងការស្នើនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានប្រកាសជំហរម៉ឺងម៉ាត់ថា កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនដោយប្រើប្រាស់កម្លាំង និងបន្តការពារខ្សែព្រំដែនអន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនដែលមានស្រាប់ជាធរមាន។
កថាខណ្ឌទី៣នៃសេចក្តីប្រកាសរួមកម្ពុជា និងថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បញ្ជាក់ថា ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។
កន្លងមក គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើនលើក ទៅ ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេស របស់គណៈកម្មការ JBC ប៉ុន្តែភាគីថៃ តែងបានឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុងដើម្បីតែងតាំងសមាសភាព JBC ថ្មីរបស់ខ្លួន ក្រោយពីគណៈរដ្ឋមន្ត្រីថៃថ្មី ត្រូវបានបង្កើតឡើង៕