ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានគូសរំលេចពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាសុខភាពសកល ដោយសម្ដេចបានបង្ហាញជាទឡ្ហីករណ៍ថា តួយ៉ាងបញ្ហាជំងឺកូវីដ១៩ ដែលកម្ពុជា បានប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំង ជាមួយជំងឺរាតត្បាតជាសកលមួយនេះ ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ។
ក្នុងសុន្ទរកថាគន្លឹះ និងចែករំលែកទស្សនទានលើបញ្ហាសុខភាពសកលលោក ក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលប្រារព្ធឡើងនៅទីក្រុងលីយ៉ុង ប្រទេសបារាំងកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦សម្តេចធិបតី ហ៊ុន ម៉ាណែតបានកោតសរសើររដ្ឋាភិបាលបារាំង ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ នៅពេលវេលាដ៏សំខាន់មួយសម្រាប់មនុស្សជាតិ និងភពផែនដី ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងជំងឺកូវីដ១៩ ដែលបានចូលអង្រួនសុខភាពរបស់មនុស្សជាតិកាលពីឆ្នាំ២០១៩ ជាពិសេសគូសរំលេចពីការប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺរាតត្បាតជាសកលមួយនេះ។ សម្តេចធិបតី បានលើកឡើងថា ទោះបីជាប្រទេសមានធនធានតិចតួចក៏ដោយ ក៏ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា ត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជាជោគជ័យគួរឱ្យកត់សម្គាល់ ពីដំណាក់កាលទប់ស្កាត់យ៉ាងតឹងរ៉ឹង រហូតដល់ដំណាក់កាលស្តារឡើងវិញនៃការចាក់វ៉ាក់សាំងខ្ពស់ ។
សម្តេចធិបតីបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាសុខភាពសកល។កម្ពុជាបានដោះស្រាយហានិភ័យសុខភាពតែមួយតាមរយៈការឃ្លាំមើល និងការចូលរួមរបស់សហគមន៍នៅទូទាំងពហុភាគីពាក់ព័ន្ធ តាមដានការធ្វើចំណាកស្រុករបស់សត្វស្លាបព្រៃ និងប្រព័ន្ធអេកូឡូស៊ី និងសន្តិសុខជីវសាស្រ្តកម្រិតខ្ពស់ និងវិធីសាស្រ្តផ្អែកលើហានិភ័យចំពោះសុខភាពសត្វ ស្របពេលដែលមានការកែលម្អការឃ្លាំមើលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីផ្សារ និងភស្តុភារ ។
សម្ដេចធិបតី បញ្ជាក់ថា នៅលើឆាកអន្តរជាតិវិញ កម្ពុជា នៅតែប្តេជ្ញាចិត្ត ចំពោះកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក និងប្រព័ន្ធឃ្លាំមើល AMR របស់ខ្លួន ដែលជាគំនិតផ្តួចផ្តើមបរិស្ថាន រួមមានភាពជាដៃគូសកម្មភាពប្លាស្ទិកសកល ក៏ដូចជាគំនិតផ្តួចផ្តើមសំខាន់ៗផ្សេងទៀតក្រោមក្របខ័ណ្ឌអាស៊ាន ។
ក្នុងឱកាសសុន្ទរកថានោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចែករំលែកនូវទស្សនទាន មួយចំនួន ចូលរួមដោះស្រាយបញ្ហាសុខភាពជាសកល ក្នុងនោះរួមមាន៖ កម្ពុជា បានស្នើឱ្យជំរុញបន្ថែមទៀតនូវកិច្ចសហការក្នុងតំបន់ និងសកល ចែករំលែកចំណេះដឹង ធនធាន និងបច្ចេកវិទ្យារវាងរដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រ សង្គមស៊ីវិល និងសហគមន៍។
សម្តេចធិបតី ក៏ស្នើឱ្យបន្តសម្របសម្រួលស្តង់ដារ ពង្រីកលំដាប់ហ្សែន និងធានាការឆ្លើយតបយ៉ាងឆាប់រហ័ស និងស្នើឱ្យជំរុញយន្តការអន្តរជាតិ រយៈពេលវែងបន្ថែមទៀត បង្កើនការវិនិយោគក្នុងស្រុក និងលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងឯកជន។
ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងភាពធន់នឹងភ្នាក់ងារប្រឆាំងមេរោគ (Antimicrobial Resistance -AMR) និងសម្ពាធអាកាសធាតុ សម្តេចធិបតីបានស្នើលើកកម្ពស់បន្ថែមទៀតនូវការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកដែលមានទំនួលខុសត្រូវ បង្កើនការត្រួតពិនិត្យកំណែទម្រង់បទប្បញ្ញត្តិ និងការរួមបញ្ចូលការការពារអាកាសធាតុទៅក្នុងគោលនយោបាយសុខភាព និងកសិកម្ម ។
ជាមួយនឹងការលើកកម្ពស់ចំណេះដឹង សមធម៌ និងការត្រៀមខ្លួន សម្តេចបវរធិបតី បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលនេះថា គួរតែធានាគោលនយោបាយផ្អែកលើភស្តុតាង វិនិយោគលើមន្ទីរពិសោធន៍ និងការអភិវឌ្ឍកម្លាំងពលកម្ម ធានាការទទួលបានឧបករណ៍សង្គ្រោះជីវិតដោយសមធម៌ និងលើកតម្កើងសហគមន៍តាមរយៈការយល់ដឹង ៕
ដោយ៖វណ្ណលុក