ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាមួយអាជ្ញាធរ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាមួយអាជ្ញាធរ។
ឯកឧត្តមលើកឡើងថា គ្មានកម្លាំងអ្វីខ្លាំងជាងកម្លាំងប្រជាពលរដ្ឋចូលរួមនោះទេ ដូចនេះក្នុងនាមអជ្ញាធរ ឯកឧត្ដមអភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមសហការ បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាមួយអាជ្ញាធររាជធានីភ្នំពេញ ។
ក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នារសៀលថ្ងៃទី០៧ មេសា២០២៦ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ប្រើប្រាស់ជំនាញរបស់ខ្លួននៅតាមខណ្ឌឱ្យអស់លទ្ធភាព ពិសេសសហការជាមួយប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីមូលដ្ឋានររាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនអនុវត្តត្រឹមខែមេសានេះទេ គឺត្រូវធ្វើរហូតនិងជាប្រចាំ ។ ឯកឧត្តមជឿជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបយ៉ាងសកម្មនេះ អាច១ខែឬ២ខែទៀត បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ អាចនឹងអស់ពីរាជធានីភ្នំពេញ។
ឯកឧត្ដម ឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបង្ក្រាបជាបន្តបន្ទាប់។ គិតពីថ្ងៃទី០៣កុម្ភៈមកដល់ថ្ងៃទី០៧ មេសានេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១ ១៦៥នាក់ ក្នុងនោះអាជ្ញាធរបានបញ្ជូនទៅតុលាការចំនួន២២ករណី ស្មើនិង១៤០នាក់ មានខ្មែរ៥៩នាក់ ដើម្បីដាក់ទោសទៅតាមច្បាប់។
ឯកឧត្ដម ឃួង ស្រេង ណែនាំបន្ថែមទៀតថា ខណ្ឌទាំង១៤ត្រូវដាក់ផែនការឱ្យបានច្បាស់លាស់ ដោយសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ ពិសេសធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ បានចូលរួមសហការជាមួយសមត្ថកិច្ច។ ឯកឧត្តមសង្កត់ធ្ងន់ថា គ្មានកម្លាំងអ្វីខ្លាំងជាងកម្លាំងប្រជាពលរដ្ឋចូលរួមនោះទេ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ រំលឹកថា យោងតាមបទបញ្ជាលេខ០១ កុំថាឡើយពាក់ព័ន្ធជាមួយបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូម្បីតែមិនអនុវត្តតាមបទបញ្ជាលេខ០១នេះ ក៏ខុសដែរ។ ដូច្នេះយើងត្រូវប្រើប្រាស់គ្រប់ឱ្យអស់មធ្យោបាយ ទាំងការផាកពិន័យ និងការដាក់ទោសទណ្ឌទៅលើម្ចាស់ទីតាំងជាដើម ដើម្បីឈានទៅបោសសម្អាតបទល្មើស Online Scams ឱ្យអស់ពីរាជធានីភ្នំពេញ៕





ហេង សម្បត្តិ