មហាក្សត្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរលោកតូ ឡាំ (To Lam) ក្នុងឱកាសដែលលោកត្រូវបានរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋ ហើយជឿជាក់ថា ទំនាក់ទំនងកម្ពុជា-វៀតណាមនឹងកាន់តែជិតស្និទ្ធថែមឡើង ក្រោយលោកឡើងកាន់ដំណែងថ្មី។

មហាក្សត្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរលោកតូ ឡាំ (To Lam) ក្នុងឱកាសដែលលោកត្រូវបានរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋ ហើយជឿជាក់ថា ទំនាក់ទំនងកម្ពុជា-វៀតណាមនឹងកាន់តែជិតស្និទ្ធថែមឡើង ក្រោយលោកឡើងកាន់ដំណែងថ្មី។
ក្នុងនាមប្រជារាស្ត្រខ្មែរ និងក្នុងនាមព្រះអង្គផ្ទាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងហឫទ័យរីករាយ និងអបអរសាទរ ជូនលោក តូ ឡាំ។
ព្រះអង្គជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោក តូ ឡាំ វៀតណាមនឹងបន្តទទួលការអភិវឌ្ឍរីកចម្រើនជឿនលឿនលើគ្រប់វិស័យ ហើយ កម្ពុជា-វៀតណាម នឹងកាន់តែមានទំនាក់ទំនងជិតស្និទ្ធ ព្រមទាំងបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាតិ បានកាន់តែល្អប្រសើរឡើងថែមទៀត ។
ក្នុងសារជូនពរដាច់ដោយឡែកមួយទៀត សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានលើកឡើងថា ការឡើងកាន់តំណែងដ៏ខ្ពស់បំផុតរបស់លោក To Lam នាពេលនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសមត្ថភាពដឹកនាំដ៏ឆ្នើម និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោក ក្នុងការដឹកនាំប្រទេសវៀតណាមឱ្យសម្រេចបាននូវការអភិវឌ្ឍ និងវិបុលភាពកាន់តែខ្លាំងក្លាថែមទៀត។
ទន្ទឹមនឹងនេះ សម្តេចតេជោ បានសង្កត់ធ្ងន់ពីទំនាក់ទំនងរវាង កម្ពុជា-វៀតណាម ដែលត្រូវបានកសាងឡើងលើគ្រឹះដ៏រឹងមាំនៃសាមគ្គីភាព ការជឿជាក់ និងការយោគយល់គ្នា។ សម្តេចតេជោជឿជាក់ថា ក្រោមការដឹកនាំរបស់លោក To Lam ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ នឹងត្រូវពង្រឹងឱ្យកាន់តែស្អិតរមួត និងឈានដល់កម្រិតថ្មីមួយទៀត។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីឧត្តមប្រយោជន៍នៃប្រជាជនទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧មេសា សមាជិករដ្ឋសភាវៀតណាមបានបោះឆ្នោតជាឯកច្ឆ័ន្ទ ជ្រើសតាំងលោក តូ ឡឹម ឱ្យកាន់តំណែងជាប្រធានាធិបតី និងប្រមុខរដ្ឋវៀតណាមសម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមក្នុងឆ្នាំ២០២៥ មានទំហំជិត ៧,៨ ពាន់លានដុល្លារ។ ប្រទេសទាំងពីរបានកំណត់ទិសដៅរួមគ្នាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ពាន់លានដុល្លារ នៅបណ្តាឆ្នាំខាងមុខ ដើម្បីឆ្លុះបញ្ចាំងពីសក្តានុពលសេដ្ឋកិច្ចដ៏ខ្លាំងក្លា៕




