ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីចម្រើនព្រះបរិត្តតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ខិតជិតចូលមកដល់នាពេលឆាប់ៗខាងមុខ ។

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីចម្រើនព្រះបរិត្តតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ខិតជិតចូលមកដល់នាពេលឆាប់ៗខាងមុខ ។
ពិធីសូត្រមន្តចម្រើនព្រះបរិត្តបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៧ ខែមេសា មានការអញ្ជើញចូលរួមជាអធិបតីពីសម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្ដាល រួមជាមួយមន្រ្តីគណបក្សជាច្រើនទៀត នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅវិមាន ៧មករា រាជធានីភ្នំពេញ ។
ពិធីនេះបានប្រារព្ធឡើងទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃ សូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល និងសូមទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ផ្នែក និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ។
ពិធីនេះមិនត្រឹមតែបួងសួងសុំឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឱ្យបានសេចក្តីសុខ សេចក្ដីចម្រើនប៉ុណ្ណោះទេ ថែមទាំងជាការឧទ្ទិសបុណ្យកុសល ជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិផងដែរ ។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី ត្រូវនឹងថ្ងៃអង្គារ ១២រោច ខែចេត្រ អដ្ឋស័ក ព.ស.២៥៦៩ (ថ្ងៃទី១៤ ១៥ ,១៦ខែមេសា ឆ្នាំ២០២៦) ដោយមានព្រះនាមថា រាក្យសាទេវី ជាបុត្រីទី៣នៃកបិលមហាព្រហ្ម ដែលនឹងយាងចុះមក នៅវេលាម៉ោង ១០៖៤៨នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ជាអ្នកប្រទានសិរីល្អក្នុងឆ្នាំនេះ ៕







អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពិសិដ្ឋ
