ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានបង្ហាញនូវអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងចំពោះពាក្យពេចន៍របស់លោក ជំទាវ អ៊ុលឃូ ខូខាអ៊ីវ (Ülkü Kocaefe)ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជាដែលត្រូវចប់ បញ្ជាក់
ជូនសម្ដេចក្នុងពេលចូលជួបសម្ដែងការគួរសមនិងជម្រាបលាកាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកពាក្យសម្ដេចតេជោ ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មានក្រោយជំនួប សម្ដេចតេជោ ហ៊ុន សែន ប្រមុខ រដ្ឋស្តីទីនិងលោកជំទាវ អ៊ុលឃូ ខូខាអ៊ីវ (Ülkü Kocaefe)ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េបញ្ចប់ថា លោកជំទាវ
បានជម្រាបសម្ដេចប្រមុខរដ្ឋស្តីទីអំពីការជាប់ចិត្តចំពោះប្រជាជនកម្ពុជា ជាពិសេស គឺស្នាមញញឹមរបស់ប្រជាជនកម្ពុជា ដែលមិន អាចធ្វើឱ្យលោកជំទាវបំភ្លេចបានឡើយ។ លោកជំទាវបានបញ្ជាក់ បើទោះបីជាពេលនេះ លោកជំទាវផុតអាណត្តិការងារ ឈប់ធ្វើ ជាឯករដ្ឋទូតប្រចាំនៅកម្ពុជា ក៏ពិតមែន ប៉ុន្តែលោកជំទាវនៅតែជាមិត្តរបស់កម្ពុជាអស់មួយជីវិត ។ នេះជាសារដែលបង្ហាញពីការ ពេញចិត្តចំពោះប្រទេសកម្ពុជាពីសំណាក់លោកជំទាវឯកអគ្គរដ្ឋទូត ។
តបភ្លាមៗសម្ដេចតេជោ ហ៊ុន សែន បានពេញចិត្តចំពោះពាក្យពេចន៍ដ៏មានអត្ថន័យរបស់លោកជំទាវចំពោះការពេញចិត្តប្រជាជនកម្ពុជា ក៏ដូចជាជាប្រទេសកម្ពុជា។សម្ដេចចាប់អារម្មណ៍ខ្លាំងចំពោះពាក្យដ៏មានអត្ថន័យរបស់លោកជំទាវដែលថា លោកជំទាវនឹងនៅជាមិត្តរបស់កម្ពុជាអស់មួយជីវិតនោះ ។សម្ដេចតេជោក៏បានផ្ដាំផ្ញើបន្ថែមដល់លោកជំទាវ ទោះបីជាបានត្រឡប់ទៅវិញក៏ពិតមែន តែសូមលោកជំទាវ បន្តធ្វើជាឯកអគ្គរដ្ឋទូតរបស់កម្ពុជានៅក្នុងប្រទេសតួកគី មានន័យថា ជួយផ្សព្វផ្សាយពីកម្ពុជាដល់វិនិយោគិនតួកគី ដើម្បីមកវិនិយោគ និងមកទស្សនាកម្ពុជាកាន់ច្រើនបន្ថែមទៀត។
សម្ដេចតេជោបានសរសើរលោកជំទាវ ដែលបានខិតខំបង្កើតឱ្យមានការិយាល័យពាណិជ្ជកម្មវប្បធម៌ និងជើងហោះហើរពីតួកគី ដែលជាចរន្តនៃការគាំទ្រដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគី ឱ្យកាន់តែល្អប្រសើរ ។សម្ដេចក៏បានអរគុណចំពោះតួកគី ដែលកន្លងមកបានចូលរួមចំណែកផ្ដល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹករបស់កម្ពុជា នៅក្នុងបញ្ហាព្រំដែន កម្ពុជា-ថៃ។
សម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតពន្យល់អំពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលលោកជំទាវបានជ្រាបផងដែរ ជាពិសេស គឺជំហររបស់កម្ពុជា ក្នុងការរក្សានូវបទឈប់បាញ់ឱ្យបានយូរអង្វែង និងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចា៕
ដោយ៖វណ្ណលុក