អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចេញមកបំភ្លឺ និងឆ្លើយតបយ៉ាងច្បាស់ៗចំពោះការសាកសួរពីបណ្តាសារព័ត៌មាននានាជកាលពីយប់ថ្ងៃពុធ ពាក់ព័ន្ធនឹងព័ត៌មាននៃការពិចារណារបស់រាជរដ្ឋាភិបាលថៃ ក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នា (OCA) ដែលបានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំ២០០១។
ក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ការបង្កើតអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬ MOU-2001 មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដនូវឆន្ទៈនយោបាយ និងបំណងប្រាថ្នារួមរវាងប្រទេសកម្ពុជា និងថៃ។
ឯកសារប្រវត្តិសាស្ត្រនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌការងារមួយដែលផ្អែកលើភាពស្មោះត្រង់ និងការទទួលយកបានពីភាគីទាំងពីរ ដើម្បីជាគ្រឹះក្នុងការទាញយកផលប្រយោជន៍រួមពីធនធានធម្មជាតិនៅក្នុងតំបន់សមុទ្រត្រួតគ្នា និងជំរុញកិច្ចការកំណត់ព្រំដែនសមុទ្រឱ្យស្របតាមច្បាប់អន្តរជាតិ។
បន្ថែមពីនេះ អ្នកនាំពាក្យបានពន្យល់ថា MOU-2001 គឺជាសក្ខីភាពនៃសុច្ឆន្ទៈរបស់ប្រជាជាតិទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែងប្រែក្លាយតំបន់ដែនសមុទ្រដែលធ្លាប់មានជម្លោះ ឱ្យទៅជាតំបន់ដែលមានមិត្តភាព កិច្ចសហប្រតិបត្តិការ សម្រាប់ប្រជាជនទាំងសងខាង។
ក្រសួងការបរទេស បានគូសបញ្ជាក់ថា បើពិនិត្យលើទិដ្ឋភាពច្បាប់នៃឯកសារនេះ អនុស្សរណៈឆ្នាំ២០០១ នៅតែមានសុពលភាពពេញលេញ រហូតទាល់តែគោលបំណង និងបេសកកម្មដែលបានចែងនៅក្នុងនោះ ត្រូវបានសម្រេចជាស្ថាពរ។
ពាក់ព័ន្ធនឹងលទ្ធភាពនៃការដកខ្លួនរបស់ភាគីថៃ អ្នកនាំពាក្យបានបង្ហាញនូវទស្សនៈថា វានឹងក្លាយជារឿងដែលគួរឱ្យសោកស្តាយយ៉ាងខ្លាំង ប្រសិនបើប្រទេសថៃសម្រេចចិត្តដកខ្លួនជាឯកតោភាគី។ សកម្មភាពបែបនេះ ត្រូវបានចាត់ទុកថាជាជំហានដែលងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលជាសរសរទ្រូងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ដោយឡែក រាជរដ្ឋាភិបាលកម្ពុជា ប្រកាសជំហរថា កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់យ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ ព្រមទាំងស្មារតីនៃអនុស្សរណៈឆ្នាំ២០០១នេះ ហើយ កម្ពុជានៅតែរក្សាភាពស្មោះត្រង់ដដែល។
អ្នកឃ្លាំមើលភូមិសាស្រ្តនយោបាយកម្ពុជា មើលឃើញថា ការលុបចោល MOU ឆ្នាំ២០០១ នេះ នឹងបង្កឱ្យមានភាពតានតឹងនៅតាមព្រំដែនបន្ថែមទៀត ជាពិសេសជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចក្នុងតំបន់ និង រារាំងការទាញយកផលប្រយោជន៍ថាមពលរួមគ្នា។
តំបន់ទាមទារដែនសមុទ្រត្រួតគ្នា(OCA) មានផ្ទៃក្រឡាប្រហែល ២ម៉ឺន៧ពាន់ គីឡូម៉ែត្រការ៉េ គឺជាមជ្ឈមណ្ឌលថាមពលដ៏ធំសម្បើម។ យោងតាមការប៉ាន់ប្រមាណ តំបន់នេះមានផ្ទុកឧស្ម័នធម្មជាតិរហូតដល់ទៅ ៣១១ ពាន់លានម៉ែត្រគូប រួមជាមួយទុនបម្រុងប្រេងកាតយ៉ាងសន្ធឹកសន្ធាប់ដែលមិនទាន់បានទាញយក៕