ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋតួកគីយ៉េ បានលើកឡើងថា កម្ពុជា-តួកគីយ៉េ នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ។

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋតួកគីយ៉េ បានលើកឡើងថា កម្ពុជា-តួកគីយ៉េ នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ។
យោងតាមបណ្ដាញសង្គមស្ដីពីលទ្ធផលនៃជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព លោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញក្ដីសោមនស្សរីករាយ ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានស្វែងយល់ច្រើនអំពី ប្រជាជន វប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជា ។
ទន្ទឹមនឹងនេះ លោកជំទាវបានជម្រាបជូនសម្តេចធិបតី អំពីការសម្រេចបាន នូវសមិទ្ធផលនានាក្នុងអាណត្តិការទូតរបស់លោកជំទាវ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាព និង ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ជាពិសេសលើវិស័យ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, អប់រំ និងវប្បធម៌។
លោកជំទាវក៏បានសង្កត់ធ្ងន់ថា កម្ពុជា និងតួកគីយ៉េ នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅ។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះជោគជ័យ នៃបេសកកម្មការទូតរបស់លោកជំទាវ Ülkü Kocaefe នៅកម្ពុជា។ សម្ដេចធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់លោកជំទាវ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-តួកគីយ៉េ ឱ្យមានភាពរឹងមាំ និងទទួលបានផ្លែផ្កាជាវិជ្ជមាន។
ជាមួយគ្នានេះ, សម្ដេចធិបតីបានឯកភាពចំពោះការលើកឡើងរបស់លោកជំទាវ អំពីកាលានុវត្តភាព និងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លេីវិស័យនានា ដែលនឹងចូលរួមចំណែកបន្ថែមទៀត ក្នុងការបន្តពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ។
សម្ដេចធិបតីបានជូនពរលោកជំទាវឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យ ក្នុងភារកិច្ចថ្មីៗជាបន្តបន្ទាប់ទៀត ៕






