បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុវជនបញ្ចេញទេព្យកោសល្យស្ថាបត្យកម្ម តាមរយៈគម្រោងរចនាព្រលានពោធិ៍ចិនតុងឡើងវិញ

យុវជនបញ្ចេញទេព្យកោសល្យស្ថាបត្យកម្ម តាមរយៈគម្រោងរចនាព្រលានពោធិ៍ចិនតុងឡើងវិញ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្តែងការកោតសរសើរចំពោះគំនិតច្នៃប្រឌិតផ្នែកស្ថាបត្យកម្មរបស់យុវជនខ្មែរ ដែលបានបង្ហាញតាមរយៈការប្រកួតប្រជែងរចនាប្លង់គម្រោង “ពោធិ៍ចិនតុងកកើតឡើងវិញ និងទីក្រុងអេប៉ុង” (Sponge City) នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់។

Advertisement

ក្នុងពិធីធ្វើបទបង្ហាញស្នាដៃ និងចែកពានរង្វាន់ដល់បេក្ខជនជ័យលាភីនៃការប្រកួតប្រជែងនេះ កាលពីថ្ងៃទី៩ ខែមេសា នៅទីស្តីការក្រសួងរៀបចំដែនដី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាន៍ថា កម្ពុជាកំពុងដើរលើវិថីត្រឹមត្រូវមួយ ដែលមានធនធានមនុស្សប្រកបដោយគុណភាព អាចនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងពិតប្រាកដ។

ឯកឧត្តមបានកត់សម្គាល់ថា យុវជនដែលបានបង្ហាញសមត្ថភាពទេពកោសល្យក្នុងការប្រកួតនេះ គឺជាធនធានមនុស្សដ៏មានតម្លៃរបស់ជាតិ ដែលកំពុងរួមចំណែកអភិវឌ្ឍសង្គម។ ក្នុងន័យនេះ ឯកឧត្តមបានផ្ដល់អនុសាសន៍ឲ្យយុវជនបន្តអភិវឌ្ឍសមត្ថភាពខ្លួន រួមទាំងជំនាញភាសាអង់គ្លេសផងដែរ ដើម្បីងាយស្រួលស្រាវជ្រាវ និងទទួលយកចំណេះដឹងថ្មីៗពីអន្តរជាតិ។

ទន្ទឹមគ្នានេះដែរ ឯកឧត្តមបានថ្លែងអំណរគុណដល់គណៈស្ថាបត្យករកម្ពុជា ដែលបានខំប្រឹងប្រែងប្រមូលផ្ដុំបញ្ញវន្ត និងផ្តល់ឱកាសដល់យុវជនបង្ហាញសមត្ថភាព និងបញ្ចេញផ្នត់គំនិតថ្មីៗ ដែលអាចប្រមូលជាធាតុចូលសម្រាប់ការរៀបចំកសាងអភិវឌ្ឍន៍ទីក្រុង។ ឯកឧត្តមបញ្ជាក់ថា គំនិតរចនា ដែលទទួលបានជ័យលាភីនាពេលនេះ នឹងត្រូវផ្ញើជូនឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីពិនិត្យ និងដាក់បញ្ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់។

ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានចាស់នេះនឹងផ្តោតលើការរៀបចំសួនលំហែសាធារណៈ ដែលបង្ហាញពីចក្ខុវិស័យអភិវឌ្ឍទីក្រុងសមស្របនឹងការវិវឌ្ឍសង្គម។ សួនលំហែគឺជាកន្លែងភ្ជាប់មនុស្ស និងសង្គម បង្កើនគុណភាពជីវិត និងជួយពង្រឹងសាមគ្គីភាពក្នុងសង្គម។

ឯកឧត្តមក៏បានលើកឡើងដែរថា តួនាទីស្ថាបត្យករ មិនមែនត្រឹមតែគូរប្លង់អគារឲ្យស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមបង្កើតបរិយាកាសរស់នៅដែលមានភាពកក់ក្តៅ និងសុភមង្គលសម្រាប់គ្រួសារ ដែលជាមូលដ្ឋានសំខាន់នៃសង្គមរឹងមាំ។

បច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងខិតខំជំរុញការអភិវឌ្ឍរាជធានីភ្នំពេញ ឲ្យសមជារាជធានីចតុមុខមង្គល ជាទីក្រុងស្អាត មានសុវត្ថិភាព និងមានរបៀបរៀបរយ ដោយផ្តោតលើការដោះស្រាយបញ្ហាសំណង់មិនរៀបរយ ការកកស្ទះចរាចរណ៍ និងទឹកជន់លិច។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមជួយបន្ថែមក្នុងវិស័យស្ថាបត្យកម្ម កិច្ចការសង្គម និងសេដ្ឋកិច្ច ដើម្បីរួមគ្នាជាចលករជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា