មុនពិធីបុណ្យចូលឆ្នាំថ្មីមកដល់ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ ដល់អ្នកធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
នៅសប្តាហ៍ក្រោយ ប្រជាពលរដ្ឋជាច្រើននឹងធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ទៅកម្សាន្តនៅតំបន់ជិតឆ្ងាយ តាមរយៈយានយន្តគ្រប់ប្រភេទ រួមមាន រថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្ត ដែលអាចបង្កឲ្យចរាចរណ៍មានភាពមមាញឹកខ្លាំង និងបង្កើនហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍។ ដូច្នេះ អ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដើម្បីបញ្ចៀសគ្រោះថ្នាក់។
ដើម្បីរួមចំណែកទប់ស្កាត់បញ្ហានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសហការជាមួយអង្គការបង្ការរបួសអាស៊ី មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនម៉ូតូហុងដា អនុវត្តយុទ្ធនាការផ្សព្វផ្សាយអប់រំ លើកកម្ពស់សុវត្ថិភាពចរាចរណ៍ តាមបណ្តោយផ្លូវជាតិលេខ៣ ។
យោងតាម លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កម្ពុជាខាតបង់ប្រមាណ ៤៥០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ នេះជាការបាត់បង់ដ៏គួរឲ្យសោកស្តាយ ជាពិសេសមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់ ដោយអ្នកខ្លះត្រូវរស់នៅជាមួយភាពពិការអស់មួយជីវិត។
យោងតាមរបាយការណ៍ ក្នុងរយៈពេលមួយសប្តាហ៍ដំបូងនៃខែមេសានេះ មានគ្រោះថ្នាក់ចរាចរណ៍សរុប ៣៩ ករណី បណ្តាលឲ្យមនុស្សស្លាប់ ២៥ នាក់ និងរងរបួស ៤៦ នាក់។ បើធៀបនឹងរយៈពេលដូចគ្នា នៅដើមខែមីនា ចំនួនករណីថយចុះ ២ ករណី អ្នកស្លាប់ថយចុះ ៤ នាក់ ខណៈអ្នករងរបួសកើនឡើង ៩ នាក់៕
អត្ថបទ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា