តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី បើក ការដ្ឋានសាងសង់ “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី ២” ប្រវែង ១៥១,៦ គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប) នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ នៅខេត្តតាកែវថា ការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែរីកចម្រើន ប្រកបដោយភាពធន់។
សម្ដេចធិបតី បន្តថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការកសាងឱ្យបាន នូវ បណ្តាញផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្រ ដែលនឹងតភ្ជាប់បណ្តាញនៃការដឹកជញ្ជូនរវាងផ្លូវទន្លេ និង ផ្លូវសមុទ្រ ជាមួយឆន្ទៈ និងមនសិការ “ឧត្តមនិយម” ផលប្រយោជន៍ជាតិ និងប្រជាជន។
ជាមួយគ្នានេះ, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃការបង្កើតគម្រោង ព្រែក ជីក ហ្វូណនតេជោ ចាប់ពីថ្ងៃបើកការដ្ឋានកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ដែលពេល នេះវឌ្ឍនភាពបានឈានដល់ដំណាក់កាលវិវត្តគួរឱ្យកត់សម្គាល់ ដើម្បីឈានទៅសម្រេចតាម ផែន ការ កំណត់។ ព្រមជាមួយគ្នានេះ, សម្ដេចក៏សូមថ្លែងអំណរគុណដល់ក្រសួងស្ថាប័នជំនាញ, អាជ្ញាធរខេត្តទាំង ៤ ដែល ជាប់ ពាក់ព័ន្ធដោយផ្ទាល់ និងព្យាយាមផ្តល់ការសហការយ៉ាងស្អិតរមួតក្នុងការសាងសង់ និងដោះស្រាយ ផលប៉ះពាល់ជាអតិបរមាជូនដល់ប្រជាពលរដ្ឋ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ផ្តល់នូវការយោគយល់ និងសហការជាមួយក្រុមការងារ ដើម្បី ពិនិត្យ និងដោះស្រាយផលប៉ះពាល់ឱ្យបានគ្រប់លទ្ធភាព និងធានាដល់ដំណើរការនៃការសាងសង់ ដោយរលូន ៕