ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយ វិទ្យាស្ថាន អាយធី អេឃើដឺមី ស្ទេប កម្ពុជា (IT Academy STEP Cambodia) ក្លឹបសរសេរកូដស្រ្តី (Sisters of Code) រួមជាមួយអង្គការដៃគូពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)” ក្រោមប្រធានបទ “ក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍនៅកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៣០ នាទី នៅសាលប្រជុំធំ ជាន់ទី៣ នៃទីស្តីការ ក.ប.ទ.។
ព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបណ្តុះការយល់ដឹងដល់សិស្សានុសិស្សថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការសរសេរកូដ (Coding) គឺជាជំនាញដែលអាចសិក្សា និងអភិវឌ្ឍបានសម្រាប់បុគ្គលគ្រប់រូបដែលមានឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់។ ទន្ទឹមនឹងនេះ កម្មវិធីនេះក៏មានគោលដៅលើកទឹកចិត្ត និងពង្រឹងភាពជឿជាក់លើខ្លួនឯង ជាពិសេសសម្រាប់យុវតី ក្នុងការឈានជើងចូលក្នុងវិស័យឌីជីថលប្រកបដោយចំណេះដឹង និងភាពក្លាហាន ដើម្បីក្លាយជាធនធានដ៏មានសក្តានុពលនាពេលអនាគត។ បន្ថែមពីលើនេះ ព្រឹត្តិការណ៍នេះក៏ជាវេទិកាដ៏សំខាន់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យបច្ចេកវិទ្យា និងការរួមគ្នាកសាងសមត្ថភាពផ្នែក AI ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជា។ ព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិនេះ រួមបញ្ចូលសកម្មភាពអប់រំជាច្រើនរួមមានការធ្វើបទបង្ហាញដោយយុវតីអំពីការសរសេរកូដ (Coding) ដោយប្រើប្រាស់ AI ជាជំនួយការឆ្លាតវៃ និងកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ “ស្ត្រីក្នុងវិស័យ AI” ព្រមទាំងសកម្មភាពផ្សេងៗទៀត ដែលសុទ្ធសឹងតែតម្រង់ទិសដៅឆ្ពោះទៅរកការកសាងសង្គមឌីជីថលប្រកបដោយបរិយាបន្ន។
ព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិនេះ នឹងបើកជូនសាធារណជន ចូលរួមដោយសេរី។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈអ៊ីមែល [email protected] និងលេខទូរសព្ទ 085 777 520៕
ដោយ៖ង៉ាន់ ទិត្យ