សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងកសាង ការពារ និងអភិវឌ្ឍសង្គមជាតិ បើទោះជាត្រូវជួបប្រទះឧបសគ្គ និងបញ្ហាប្រឈមនានា ដោយប្រែក្លាយការលំបាកទាំងនេះឱ្យទៅជាបទពិសោធន៍ ឱកាស ដើម្បីជោគជ័យ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងកសាង ការពារ និងអភិវឌ្ឍសង្គមជាតិ បើទោះជាត្រូវជួបប្រទះឧបសគ្គ និងបញ្ហាប្រឈមនានា ដោយប្រែក្លាយការលំបាកទាំងនេះឱ្យទៅជាបទពិសោធន៍ ឱកាស ដើម្បីជោគជ័យ។
យោងតាមសារលិខិតផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលទទួលបាននៅថ្ងៃទី១៣មេសានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរ និងចូលរួមប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរដ៏សំខាន់នេះ ជាមួយបងប្អូនជនរួមជាតិទាំងអស់ ដែលកំពុងរស់នៅក្នុង និងក្រៅប្រទេស ស្របតាមលមានគន្លងព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ដូនតាដ៏ល្អផូរផង់នៃយើង ។
សម្ដេចធិបតីបន្តថា ឆ្នាំនេះគឺជាឆ្នាំទី៣នៃអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបាន និងកំពុងបន្តយ៉ាងស្វាហាប់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសុខសន្តិភាព, ការឯកភាពជាតិ និងសាមគ្គីភាពជាតិរឹងមាំ ដើម្បីបន្តរក្សាឱ្យបាននូវស្ថិរភាពនយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងសុខុមាលភាពប្រជាជន, សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពសង្គម ។
ក្នុងនាមរាជរដ្ឋាភិបាល សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តខិតខំប្រឹងប្រែងកសាង, ការពារ និងអភិវឌ្ឍសង្គមជាតិ ឈរលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅរកភាពសុខដុមរមនា, សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពសង្គម បើទោះជាត្រូវជួបប្រទះឧបសគ្គ និងបញ្ហាប្រឈមយ៉ាងណាក៏ដោយ។ “យើងត្រូវតែប្រែក្លាយការលំបាកទាំងនេះ ឱ្យទៅជាបទពិសោធន៍, ប្រែក្លាយការឈឺចាប់ ឱ្យទៅជាថាមពលដ៏រឹងមាំ, និងប្រែក្លាយឧបសគ្គ ឱ្យទៅជាឱកាស ដើម្បីជោគជ័យ ។ ពិតណាស់ថា ក្នុងឆ្នាំកន្លងទៅ, យើងបានឆ្លងកាត់នូវវិញ្ញាសាដ៏លំបាក និងថ្មីៗ ជាច្រើនមិនធ្លាប់មាន ដែលបាន និងកំពុងបង្កើតជាផលប៉ះពាល់ ដោយផ្ទាល់ និងដោយប្រយោល មកលើសន្តិសុខ, និងសង្គម-សេដ្ឋកិច្ចជាតិយើង” ។
សម្ដេចនាយករដ្ឋមន្ត្រី បន្ថែមថា ស្ថិតក្នុងសភាពការណ៍ចំពោះមុខនៃការប្រឈមនឹងបញ្ហាជាបន្តបន្ទាប់ ទាំងកត្តាខាងក្រៅ និងកត្តាខាងក្នុង ជាមួយនឹងភាពមិនប្រាកដប្រជា និងហានិភ័យខ្ពស់, ពិភពលោក បាននិងកំពុងរៀនរស់ក្នុងសភាពការណ៍ថ្មី និងកំពុងស្វែងរកប្រក្រតីភាពថ្មី (New normal)។ សម្រាប់កម្ពុជា, ជម្រើសដែលប្រសើរបំផុត គឺត្រូវបន្តពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ និងបង្កើនភាពម្ចាស់ការលើមូលដ្ឋានសំខាន់ និងចាំបាច់ ដើម្បីបង្កើនសមត្ថភាពឆ្លើយតបទៅនឹងបញ្ហា និងវិបត្តិនានាប្រកបដោយភាពធន់ ។
ក្នុងន័យនេះ, រាជរដ្ឋាភិបាលកំពុងបន្តជំរុញអនុវត្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុត ដោយឥតរាថយ និងកាន់តែស្វាហាប់ ក្នុងការបន្តអនុវត្តកិច្ចការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ និងបន្តជំរុញការអនុវត្តឱ្យ កាន់តែមានប្រសិទ្ធភាពនូវកម្មវិធីនយោបាយ, យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយជាអាទិភាពទាំង ៦ ព្រមទាំងវិធានការគន្លឹះទាំង ៥ ក៏ដូចជា វិធានការកែទម្រង់ជាក់ស្តែងនានាទៀត ដែលត្រូវបន្ត អនុវត្តឱ្យកាន់តែខ្លាំងក្លាក្នុងឆ្នាំ២០២៦ និងឆ្នាំខាងមុខ ឱ្យចេញជាលទ្ធផលផ្លែផ្កា ដើម្បីឆ្លើយតបនឹងសំណូមពរ, សេចក្តីត្រូវការ, ការរំពឹងទុក និងក្តីប្រាថ្នា របស់ប្រជាពលរដ្ឋយើង ៕
ដោយ វណ្ណលុក



