ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអោយដឹងថា សាធារណជន និងសិស្សានុសិស្សដែលបានផ្ញើសំបុត្រចូលរួមការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦ មានបេក្ខជនសរុបចំនួន ២,៦៨៧ ដែលបានផ្ញើចូលរួមប្រកួតប្រជែងទាំង ២៥ រាជធានីខេត្តរួចមក គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនចំនួន ១០រូប ជាបេក្ខជនជ័យលាភីក្នុងដំណាក់កាលទី១ ដោយសំណេរទាំងនោះមានខ្លឹមសារល្អ និងទទួលបានពិន្ទុខ្ពស់។
បេក្ខជនជ័យលាភីនឹងត្រូវឆ្លងកាត់ដំណាក់កាលទី២ ដោយមានការសម្ភាសន៍ផ្ទាល់ពីគណៈកម្មការទៅលើអត្ថន័យ នៃសំបុត្ររបស់ខ្លួន ដើម្បីជ្រើសរើសយកសំបុត្រជ័យលាភីលេខ១ សម្រាប់បញ្ជូនក្នុងនាមតំណាងរបស់កម្ពុជាឱ្យចូលរួមក្នុងការប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU) ដែលមានការចូលរួមពីបណ្តាប្រទេសសមាជិកចំនួន ១៩២ ប្រទេស។ ការសម្ភាសន៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធសន្និសីទវីដេអូហ្សូម (Zoom) ដូចមានក្នុងតារាងខាងក្រោម៖
១- កុមារី ម៉ូវ ច័ន្ទឆវី មកពីវិទ្យាល័យ តេជោសែន សំរោង ខេត្តឧត្តរមានជ័យ
២-កុមារី លី ធីតាវឌ្ឍនា មកពីសាលាពន្លឺវិជ្ជាអន្តរជាតិ ខេត្តកំពង់ចាម
៣-កុមារា សារិន រ័ត្នមនោរម្យ វិទ្យាល័យ ហ៊ុនសែន ប្រសូតិ ខេត្តស្វាយរៀង
៤-កុមារី សុង លីនដា មកពីសាលាអន្តរជាតិប៊្លូឡាញ រាជធានីភ្នំពេញ
៥-កុមារី ស៊ូ ស៊ីវហ្គិច មកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រាជធានីភ្នំពេញ
៦-កុមារី សួង សូអេលីស មកពីសាលាវេស្ទើនអន្តរជាតិ រាជធានីភ្នំពេញ
៧-កុមារី ស្រេង មុយហ៊ី មកពីសាលារៀនសុវណ្ណភូមិ រាជធានីភ្នំពេញ
៨-កុមារី ហេង រក្សា មកពីអនុវិទ្យាល័យពងទឹក ខេត្តកែប
៩-កុមារី ឡូត សំរិទ្ធិការ្យ មកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រាជធានីភ្នំពេញ
១០-កុមារី អ៊ឹម សូដាល្លិកា មកពីបឋមសិក្សាពោធិ៍សាត់ ខេត្តពោធិ៍សាត់
ក្រុមការងាររៀបចំកម្មវិធីនឹងទាក់ទងទៅបេក្ខជនទាំង ១០រូប ដែលត្រូវបានជ្រើសរើស ដើម្បីជម្រាបជូនអំពីព័ត៌មានលម្អិតនៃការសម្ភាសន៍ និងរបៀបប្រើប្រាស់ប្រព័ន្ធសន្និសីទវីដេអូហ្សូម (Zoom) ផងដែរ៕
ដោយ៖ង៉ាន់ ទិត្យ