ភ្នំពេញ៖មន្រ្តីការទូតនៃប្រទេសកាណាដាប្រចាំកម្ពុជាបានបញ្ជាក់អំពី ការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរកាណាដា កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។

ភ្នំពេញ៖មន្រ្តីការទូតនៃប្រទេសកាណាដាប្រចាំកម្ពុជាបានបញ្ជាក់អំពី ការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរកាណាដា កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។

អាន៖ជំនួបសម្ដែងការគួរសមនិងពិភាក្សាការងាររវាងឯកឧត្តម គ្រីស្ទាន ដេរ៉ូស(Christian DesRoches) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំកម្ពុជាជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានប្រព្រឹត្តទៅកាល ពីថ្ងៃចន្ទទី២០ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

បើតាមខ្លឹមសារនៃជំនួបដែលបង្ហាញលើបណ្ដាញសង្គហ្វេសប៊ុកផ្លូវការរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានឱ្យដឹងថា ក្នុងជំនួបឯកអគ្គរដ្ឋទូត នៃប្រទេសកាណាដាបានវាយតម្លៃខ្ពស់ចំពោះចំណងការទូតដ៏យូរអង្វែងរវាងកម្ពុជា និងកាណាដា និងបានគូសបញ្ជាក់អំពីភាពរីកចម្រើន នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេស ពាណិជ្ជកម្ម និងការវិនិយោគរបស់កាណាដា នៅកម្ពុជា ។ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ជូនសម្ដេចធិបតីនាយករដ្ឋមន្រ្តីអំពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។

បន្ថែមលើឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់អំពីការចូលរួមរបស់កាណាដា ក្នុងការជួយគាំទ្រការរៀបចំរបស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាពេលខាងមុខនេះ ឱ្យទទួលបានជោគជ័យ ។ទន្ទឹមនេះ គណៈប្រតិភូជាន់ខ្ពស់របស់កាណាដា ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះដែរ។

ចំពោះកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌតំបន់វិញ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានផ្ដល់ការគាំទ្រ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការកាណាដា-អាស៊ាន លើវិស័យសេដ្ឋកិច្ច និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា(ACFTA)ដែលគ្រោងនឹងបញ្ចប់និងចុះហត្ថលេខានាពេលឆាប់ៗខាងមុខ។
បញ្ជាក់ទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូតកាណាដា, សម្ដេចធិបតីបានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា និងបានបង្ហាញជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តម, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នឹងបន្តរីកចម្រើនរឹងមាំ និងកាន់តែស៊ីជម្រៅ ថែមទៀត។សម្ដេចធិបតី បានថ្លែងអំណរគុណដល់កាណាដា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរស្វែងរកសន្តិភាព និងការស្តារនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា ។
កត់សម្គាល់ដូចឯកអគ្គរដ្ឋទូតកាណាដាដែរ សម្ដេចធិបតីបានវាយតម្លៃខ្ពស់អំពីការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងសក្កានុពលក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបានរំលេចអំពីតួនាទី និងបំណងរបស់សហគមន៍ខ្មែរនៅប្រទេសកាណាដា ក្នុងការជួយជំរុញ និងតភ្ជាប់ទំនាក់ទំនងកម្ពុជា-កាណាដា ជាពិសេសវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។
សម្ដេចធិបតីបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅប្រទេសកាណាដា ដើម្បីជាស្ពានតភ្ជាប់ និងជួយពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកាណាដា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។
ក្នុងឱកាសនេះដែរសម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច, ការពារជាតិ និងសន្តិសុខ, ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ៕
ដោយ៖ វណ្ណលុក

