ព្រឹត្តិការណ៍នគរសង្ក្រាន្ត ត្រូវរៀបចំយ៉ាងជោគជ័យនៅរាជធានីភ្នំពេញ ដោយបានផ្ញើ និងនាំក្តីនឹករលឹក ដឹងគុណទៅដល់វីរៈកងកម្លាំងជួរមុខផងដែរ តាមរយៈការនាំយកក្រមា ជាមួយសារជូនពរ អំបុក និងនំអន្សម ចែកជូនដល់កងទ័ព និងនគរបាល ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ។

ព្រឹត្តិការណ៍នគរសង្ក្រាន្ត ត្រូវរៀបចំយ៉ាងជោគជ័យនៅរាជធានីភ្នំពេញ ដោយបានផ្ញើ និងនាំក្តីនឹករលឹក ដឹងគុណទៅដល់វីរៈកងកម្លាំងជួរមុខផងដែរ តាមរយៈការនាំយកក្រមា ជាមួយសារជូនពរ អំបុក និងនំអន្សម ចែកជូនដល់កងទ័ព និងនគរបាល ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ។
ឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមការងារប្រតិបត្តិ បានថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត នៅរាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ទទួលបានជោគជ័យលើសពីការរំពឹង ដោយបានប្រព្រឹត្តទៅដោយរលូនមានសុខសុវត្ថិភាពល្អ មិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ។
ឯកឧត្តម បានបន្តថា ការរៀបចំនគរសង្ក្រាន្តនៅរាជធានីភ្នំពេញនេះ ទោះបីជាពេលវេលាខ្លី ប៉ុន្តែវាគឺជាចលនាដើម្បីបង្ហាញការចងចាំ ការដើរទៅមុខ និងភាពរឹងមាំរបស់កម្ពុជា។ ឯកឧត្តមវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានធ្វើឲ្យព្រឹត្តិការណ៍នគរសង្ក្រាន្ត ទទួលបានជោគជ័យ។
ក្នុងក្របខ័ណ្ឌនៃការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនេះ សហភាពសហព័ន្ធយុវជនកម្ពុជាបាននាំយកក្រមាជាង១ម៉ឺន ជាមួយសារជូនពរ អំបុក និងនំអន្សម ចែកជូនដល់វីរកងទ័ពនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែមេសា ហើយមួយថ្ងៃក្រោយមក សហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកក្រមារជាង៥ពាន់ក្រមា អំបុក និងនំអន្សម ជូនដល់កងទ័ពជួរមុខនៅថ្មដា ខេត្តពោធិ៍សាត់។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី២០មេសា បានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ ជាពិសេសអាជីវករ និង អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចូលរួម និងសហការយ៉ាងសកម្មក្នុងការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត ។
ឯកឧត្តមបានបន្តថា ស្មារតីរួបរួមរបស់យើងទាំងអស់គ្នា បានបង្កើតបរិយាកាសជួបជុំដ៏កក់ក្តៅ ស្និទ្ធស្នាល និងពោរពេញដោយស្នាមញញឹម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរទាំងអស់ ព្រមទាំងបញ្ជាក់ពីមនោសញ្ចេតនាជ្រាលជ្រៅ និងសាមគ្គីភាពដ៏រឹងមាំនៃមហាគ្រួសារខ្មែរ។
ទាំងនេះមិនត្រឹមតែរួមចំណែកលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក និងទាក់ទាញទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកតម្កើងមរតកវប្បធម៌ដូនតា អត្តសញ្ញាណជាតិកាន់តែរុងរឿង និងជំរុញយុទ្ធនាការ “ចូលឆ្នាំខ្មែរ មកលេងស្រុកខ្មែរ” ជាមួយនឹងអនុស្សាវរីយ៍ដ៏មានតម្លៃ មិនអាចបំភ្លេចបាន ។
ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្រាន្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ រួមទាំងក្រុមការងារទាំងអស់ សម្រាប់ការចូលរួមចំណែកដើម្បីកម្ពុជា ក្នុងស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹកគ្រប់វេលា៕









