ភ្នំពេញ៖ ក្រសួងសុខាភិបាល រៀបចំពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៦ ក្រោមប្រធានបទ«ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ»។

ភ្នំពេញ៖ ក្រសួងសុខាភិបាល រៀបចំពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៦ ក្រោមប្រធានបទ«ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ»។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាក់ថា ទិវានេះរៀបចំឡើងដើម្បី ចែករំលែកសាររបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងជំរុញការតាំងចិត្ត និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការពន្លឿនការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យបានសម្រេចជោគជ័យ និងបន្តប្រឹងប្រែងរក្សាសមិទ្ធផលដែលសម្រេចបាន ការទប់ស្កាត់ការកើតឡើងវិញនៃជំងឺគ្រុនចាញ់ ជាពិសេសករណីជំងឺនាំចូលពីក្រៅប្រទេស និងធានាថាការតាមដាន ការរាយការណ៍ និងឆ្លើយតបអនុវត្តឱ្យបានម៉ត់ចត់។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់. បានឱ្យដឹងថា ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជាកំពុងអវត្តមានករណីជំងឺឆ្លងថ្មីក្នុងប្រទេសចាប់តាំងពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នឆ្នាំ២០២៦ និងជាប្រទេសទី១ក្នុងមហាអនុតំបន់ទន្លេមេគង្គដែលបានសម្រេចគោលដៅតាមផែនការគ្រោងទុកមុនគេតាមកាលកំណត់ជាក់លាក់ដោយគ្មានការផ្លាស់ប្តូរផែនការពេលវេលា។

ក្នុងឱកាសទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានអានសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ និងសម្តែងការគោរពអំណរគុណ ចំពោះការយកចិត្តទុកដាក់លើវិស័យសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងពីសមិទ្ធផលសំខាន់ៗ របស់កម្ពុជា ក្នុងការកាត់បន្ថយជំងឺឆ្លង តាមរយៈការអនុវត្តយុទ្ធសាស្ត្រជាតិ និងការពង្រឹងប្រព័ន្ធសុខាភិបាល។ ជោគជ័យនេះ កើតចេញពីការវិនិយោគរបស់រាជរដ្ឋាភិបាល ការអនុវត្តយុទ្ធសាស្ត្រ «សុខភាពតែមួយ» ដែលផ្សារភ្ជាប់រវាងសុខភាពមនុស្ស សត្វ និងបរិស្ថាន ព្រមទាំងបានមកពីការចូលរួមយ៉ាងសកម្មរបស់យើងទាំងអស់គ្នា ធ្វើឱ្យសហគមន៍ មានការយល់ដឹង និងការពារការចម្លងជំងឺ និងការមកទទួលយកសេវាសុខភាពបានទាន់ពេលវេលា។

ជាមួយគ្នានោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយវិស័យឯកជន អង្គការដៃគូ និងក្រសួងពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអនុវត្តគោលនយោបាយ «សុខភាពតែមួយ» និងសូមអំពាវនាវដល់រដ្ឋបាលខេត្ត និងអន្តរវិស័យទាំងអស់ សហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរឡើង៕







