បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តមនាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលរដ្ឋមន្ត្រីទាំងពីរអញ្ជើញចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

Advertisement

ក្នុងឱកាសនៃជំនួបពិភាក្សាការងារ, ឯកឧត្តម វ៉ាង យី (Wang Yi) និង ឯកឧត្តមនាយឧត្តមនាវី តុង ជុន (Dong Jun) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់កម្ពុជា ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី និង ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះ សម្ដេចធិបតី។

ឯកឧត្តម វ៉ាង យី បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយថាមវន្តរបស់កម្ពុជា។ ឯកឧត្តមក៏បានអបអរសាទរសម្ដេចធិបតី ដែលបានដឹកនាំប្រទេសឱ្យសម្រេចបាននូវសន្ទុះអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងយូរអង្វែង ដែលបានឈានដល់កម្រិតនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ឯកឧត្តម វ៉ាង យី បានគូសបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់ឯកឧត្តម និង ឯកឧត្តមនាយឧត្តមនាវី តុង ជុន ក្នុងយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ នាពេលនេះ គឺជាការអនុវត្តតាមស្មារតីកុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជន និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះ ឯកឧត្តម វ៉ាង យី ឯកឧត្តមនាយឧត្តមនាវី តុង ជុន និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ។ សម្ដេចធិបតីក៏បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខជូនចំពោះឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និង ឯកឧត្តមនាយករដ្ឋមន្រ្តី លី ឈាង។ សម្ដេចធិបតីបានអបអរសាទរសមិទ្ធផលដ៏អស្ចារ្យដែលប្រទេសចិនសម្រេចបាន ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការថែទាំ ព្យាបាលព្រះរោគ និងផ្តល់បដិសណ្ឋារកិច្ចកក់ក្តៅ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ សម្ដេចធិបតីបានគូសរំលេចជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្តេចធិបតីក៏បានបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់ឥតងាករេរបស់កម្ពុជានូវគោលការណ៍ចិនមួយ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

សម្ដេចធិបតី និងឯកឧត្តម វ៉ាង យី រួមជាមួយឯកឧត្តមនាយឧត្តមនាវី តុង ជុន បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការពារជាតិ និងសន្តិសុខ, ថាមពលស្អាត, ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងកសិកម្ម ជាដើម។  សម្ដេចធិបតី ឯកឧត្តម វ៉ាង យី និង ឯកឧត្តមនាយឧត្តមនាវី តុង ជុន ក៏បានបន្តផ្លាស់ប្ដូរយោបល់អំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់ជិតស្និទ្ធ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។

សម្ដេចធិបតីក៏បានជម្រាបជូនឯកឧត្តម វ៉ាង យី ឯកឧត្តមនាយឧត្តមនាវី តុង ជុន  និងគណៈប្រតិភូ អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់សាជាថ្មីនូវជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និង កិច្ចព្រមព្រៀងទ្វេភាគីដែលមាន ស្រាប់រវាងកម្ពុជា-ថៃ៕

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា