នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិនៃកម្ពុជា និងចិន នៅរាជធានីភ្នំពេញ។
កិច្ចសន្ទនានេះបានបញ្ជាក់ពីការប្តេជ្ញារួមគ្នារបស់ភាគីទាំងពីរ ក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងកិច្ចសហប្រតិបត្តិការផ្នែកយោធា ធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
យោងតាមក្រសួងការពារជាតិកម្ពុជា ក្នុងកិច្ចប្រជុំនេះ ភាគីមិត្តចិនបានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងខឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស។
ក្រសួងការពារជាតិ ជឿជាក់យ៉ាងមុតមាំថា វត្តមានរបស់ឯកឧត្តម វ៉ាង យី និងឯកឧត្តម តុង ជុន នឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ និងការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី។ កម្ពុជាប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ ។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា កិច្ចសន្ទនា ២ + ២ លើកដំបូងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃទំនាក់ទំនងកម្ពុជា-ចិន ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការពង្រឹងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រ និងជំរុញការ កសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួង មហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ។
សម្រាប់ពេលអនាគត កម្ពុជា និងចិនបានឯកភាពគ្នាធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងក្នុងវិស័យជាប្រពៃណី និងវិស័យថ្មីៗដែលមានសក្តានុពល រួមមាន បរិវត្តកម្ម ឌីជីថល ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចពណ៌ខៀវ ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន៕