បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយនគរបាល២នាក់ និងបក្សពួកត្រូវបានចាប់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីស៊ីសំណូកពីពួក Online Scams

នាយនគរបាល២នាក់ និងបក្សពួកត្រូវបានចាប់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីស៊ីសំណូកពីពួក Online Scams

ជាសញ្ញានៃការតាំងចិត្តបង្រ្កាបបណ្តាញឆបោកអនឡាញ និងអ្នកផ្សំគំនិត អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនអគ្គនាយករងអន្តោប្រវេសន៍ម្នាក់ និងស្នងការរងរាជធានីភ្នំពេញម្នាក់ ព្រមទាំងបក្សពួកជាជនសង្ស័យ ២នាក់ទៀត ទៅដល់តុលាការ នៅម៉ោងប្រមាណ ៥ និង ៣៥នាទីល្ងាច ថ្ងៃទី២២ មេសា ពាក់ព័ន្ធនឹងករណីស៊ីសំណូកពីក្រុមឆបោកអនឡាញ និងសម្អាតប្រាក់។

Advertisement

ជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ ដឹកតាមរថយន្តចំនួន៤គ្រឿងទៅតុលាការ ៖ រថយន្ត១គ្រឿងដាក់ជនសង្ស័យម្នាក់ ដោយមានមន្ត្រី ACU អង្គុយអមសងខាង និងមានរថយន្ត ១គ្រឿងទៀតជារបស់មន្ត្រីជំនាញ ACU អ្នកកាន់សំណុំរឿង ជិះតាមពីក្រោយ។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់បណ្ដាញព័ត៌មាន AMS ថា បើទោះបីជានីតិវិធីនាំជនជាប់សង្ស័យទាំង ៤នាក់ ទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងជាង ៥ល្ងាចក្តី តែនៅម៉ោងជាង ៦ល្ងាចថ្ងៃដដែល កម្លាំងអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនជនសង្ស័យទាំង ៤នាក់ ត្រឡប់ទៅវិញ ដើម្បីរង់ចាំតំណាងអយ្យការអមសាលាដំបូងបើកការស៊ើបសួរបន្ត ។

តាមការបញ្ជាក់របស់លោក សយ ច័ន្ទវិចិត្រ ជនជាប់សង្ស័យទាំង ៤នាក់នោះ រួមមាន ៖ ទី១. ឧត្តមសេនីយ៍ (ផ្កាយ ៣) ឯក អ៊ុក ហៃសីឡា អគ្គនាយករងនៃអគ្គនាយដ្ឋានអន្តោរប្រវេសន៍។ ទី២. ឧត្តមសេនីយ៍ទោ(ផ្កាយ២) សរ សំណាង ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ទី៣. អ្នកស្រី អស កូពិសី ជាប្រពន្ធលោក សរ សំណាង និងទី៤. ឈ្មោះ យ៉ាត កុសល។

អ្នកនាំពាក្យ ACU ដដែលបន្ថែមថា ការចាប់ខ្លួននាយនគរបាលជាន់ខ្ពស់ពីររូប និងជនពាក់ព័ន្ធខាងលើ បានធ្វើឡើងជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ហើយករណីនេះ អង្គភាពប្រឆាំងអំពើពុករលួយបានបើកប្រតិបត្តិការស៊ើបអង្កេតរយៈពេល ២០ថ្ងៃមកហើយ ។

គួរបញ្ជាក់ដែរថា មួយរយៈពេលចុងក្រោយនេះ ACU បានចាប់ខ្លួនបុគ្គលសំខាន់ៗជាច្រើន ស្របពេលដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធនាការបោសសម្អាតឧក្រិដ្ឋជនឆបោកតាមប្រ័ពន្ធអ៊ីនធើណិត និងភាពអសកម្មនានា។ កាលពីខែមីនា អនុប្រធាន និងមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុង ព្រមទាំងមនុស្ស ២នាក់ទៀត ក៏ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ដោយរកឃើញលុយពុករលួយប្រមាណជាង ១លានដុល្លារអាមេរិក ហើយក្នុងសំណុំរឿងនេះ ជនល្មើសកំពុងនៅក្នុងពន្ធនាគារ ដើម្បីរង់ចាំទទួលទោសតាមផ្លូវច្បាប់ ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា