នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ប៉ុន្តែមានជំហរដូចគ្នាយ៉ាងម៉ឺងម៉ាត់បំផុត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយក្រសួងធម្មការ និងសាសនាកម្ពុជា នៅថ្ងៃពុធ ទី២២ ខែមេសា បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះវត្តមាន និងសកម្មភាពខុសច្បាប់របស់អាជ្ញាធរថៃ នៅតំបន់ប្រាសាទតាក្របី និងតំបន់ជុំវិញ ដែលជាដែនដីស្ថិតក្រោមអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា។
ស្ថាប័នទាំងពីរបានសង្កត់ធ្ងន់ថា ទោះបីជាមានការតវ៉ាជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏ភាគីថៃនៅតែបន្តរៀបចំការជួបជុំសាធារណៈ ការសម្របសម្រួលការទស្សនា និងការប្រារព្ធពិធីបុណ្យបួងសួងតាមបែបជំនឿសាសនា ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីរបស់កម្ពុជា។
ក្រសួងស្ថាប័នទាំងពីរបានបង្ហាញការប្រឆាំងដាច់ខាតចំពោះសកម្មភាពថ្មីៗរបស់អាជ្ញាធរថៃ រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំពិធីកម្មសាសនានានា ដែលត្រូវបានចាត់ទុកថា ជាយុទ្ធសាស្ត្របង្កើតស្ថានភាពជាក់ស្តែងនៅលើដី ដើម្បីទាមទារកម្មសិទ្ធិ។
សកម្មភាពទាំងនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ឯកសារកំណត់ខណ្ឌសីមាព្រំដែន រួមទាំងផែនទីមាត្រដ្ឋាន ១ លើ ២០០ពាន់ និងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ព្រមទាំងរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ច្បាប់អន្តរជាតិ ដែលភាគីទាំងពីរធ្លាប់បានឯកភាពគ្នា។ លើសពីនេះទៀត សកម្មភាពទាំងនេះក៏បានរំលោភទៅលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃភាគីទាំងពីរ (JBC) ផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមេសា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានចុះមកកាន់ប្រាសាទតាក្របីផ្ទាល់ដើម្បីប្រារព្ធពិធីសាសនា ដោយមានការចូលរួមពីប្រជាពលរដ្ឋក្នុងតំបន់ជាច្រើន។
កម្ពុជាបានចាត់ទុកសកម្មភាពទាំងនេះថា ជាចេតនាពង្រឹងសកម្មភាពរំលោភបំពាន និងជាការបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការចរចា។
សកម្មភាពប្រើប្រាស់រូបភាពសាសនា និងវប្បធម៌ ដើម្បីបិទបាំងមហិច្ឆតារំលោភបំពានទឹកដី ត្រូវបានក្រសួងធម្មការ និងសាសនា ចាត់ទុកថាជាទង្វើដែលមិនអាចទទួលយកបានឡើយ។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទាំងពីរ បានអំពាវនាវយ៉ាងទទូចដល់ប្រទេសថៃ ឱ្យបញ្ឈប់រាល់សកម្មភាពបួងសួង ការសាងសង់ និងការជួបជុំនានានៅប្រាសាទតាក្របីជាបន្ទាន់ ព្រមទាំងដកកងកម្លាំងសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធចេញពីតំបន់អធិបតេយ្យភាពរបស់កម្ពុជា។
ទន្ទឹមនឹងនេះ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តដោះស្រាយរាល់បញ្ហាសេសសល់ដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសគឺគណៈកម្មការចម្រុះព្រំដែន (JBC) ដើម្បីរក្សាសន្តិភាព និងស្ថិរភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕