ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា និងមហាសង្ឃទានបច្ច័យបួនថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្ម ១០២ ព្រះវស្សា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅវត្តបទុមវតី រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា មានសង្ឃដីកាប្រាប់បណ្តាញព័ត៌មាន AMS ថា ពិធីនេះនឹងរៀបចំតាមបែបសាមញ្ញធម្មតា ដោយហេតុថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទ្រង់កំពុងមានប្រឈួន និងមានវ័យជរាទ្រុឌទ្រោមពុំអាចក្រោកអង្គុយបាន។
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ប្រសូតនៅថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ១៩២៤ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក្នុងត្រកូលកសិករ។ ព្រះអង្គជាបុត្រទី២ របស់ឧបាសក នន្ទ នុត និងឧបាសិកា ម៉ឹង យឹម៕
ដោយ៖ ម៉ាដេប៉ូ