ភ្នំពេញ៖ប្រទេសកម្ពុជា បានងាកទៅរកការធ្វើពាណិជ្ជកម្ម ជាមួយបណ្ដាសមាជិកភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ RCEP និងអាស៊ាន ជំនួសវិញ បន្ទាប់ពីមានបញ្ហាព្រំដែនជាមួយប្រទេសថៃ។

ភ្នំពេញ៖ប្រទេសកម្ពុជា បានងាកទៅរកការធ្វើពាណិជ្ជកម្ម ជាមួយបណ្ដាសមាជិកភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ RCEP និងអាស៊ាន ជំនួសវិញ បន្ទាប់ពីមានបញ្ហាព្រំដែនជាមួយប្រទេសថៃ។
ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសមាជិកភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បានឈានដល់ជាង ១១ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ កើនឡើងជាង ១៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ឳ្យដឹងថាចាប់ពីខែមករា ដល់ខែមីនា ឆ្នាំនេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសជាសមាជិក RCEP មានតម្លៃ ២,៨២ពាន់លានដុល្លារ កើនឡើង ៤,២ភាគរយ។ ចំណែក ការនាំចូលវិញមានទំហំទឹកប្រាក់ ៨,៤៤ពាន់លានដុល្លារ កើនឡើង ២៤ភាគរយ។
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ មើលឃើញថាការធ្វើពាណិជ្ជកម្មរបស់កម្ពុជា បានផ្លាស់ប្ដូរតុល្យភាពក្រោយពីមានជម្លោះព្រំដែនជាមួយថៃ។ ក្នុងនោះ កម្ពុជា បានពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជាសមាជិក RCEP ខណៈអាស៊ានមិនមែនគ្រាន់តែជាទីផ្សារទំនិញប៉ុណ្ណោះទេ ប៉ុន្តែ ជាខ្សែច្រវាក់ផ្គត់ផ្គង់ជំនួសដ៏មានសក្ដានុពលសម្រាប់កម្ពុជា។

លោកបញ្ជាក់ថា«កម្ពុជាកំពុងប្រើ RCEP ឬអាស៊ាន ដើម្បីដោះខ្លួនចេញពីឥទ្ធិពលសេដ្ឋកិច្ចថៃ ឆ្ពោះទៅរកសមាហ័រណកម្មតំបន់ដែលមានភាពទូលំទូលាយនិងមានសុវត្ថិភាពជាងមុន»។
ប៉ុន្តែ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ចមើលឃើញថា ក្រៅពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចជាមួយថៃ សេដ្ឋកិច្ចកម្ពុជា ក៏រងឥទ្ធិពលពីជម្លោះនៅមជ្ឈឹមបូព៌ាផងដែរ។

លោកស្រីលើកឡើងថា«ក្រៅពីបញ្ហាដែលទាក់ទងជាមួយថៃហើយ វាមានបញ្ហាមួយទៀតគឺបញ្ហាប្រឈមនៅនៅមជ្ឈឹមបូព៌ា»។
ទន្ទឹម នឹង ការរីកចម្រើន ផ្នែកពាណិជ្ជកម្ម ជាមួយ បណ្ដាសមាជិកភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ RCEP
ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្តាប្រទេស ក្នុងប្លុកអាស៊ាន ក្នុងត្រីមាសទី១ ឆ្នាំនេះ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៤,៨ពាន់លានដុល្លារ កើនឡើងជិត ១១ភាគរយ។
បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម RCEP នៅតែជាទីផ្សារធំបំផុតរបស់កម្ពុជា ដែលមានចំនួន ៦៤ភាគរយ នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា ១៧,៥៨ពាន់លានដុល្លារ នៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ៕
ដោយ៖ខន ណារី




