ប្រទេសចិនគាំទ្រប្រទេសកម្ពុជា និងប្រទេសថៃក្នុងការអនុវត្តការឯកភាពគ្នាដែលសម្រេចបាននៅក្នុងកិច្ចប្រជុំត្រីភាគី កម្ពុជា-ចិន-ថៃ អំពីស្ថានភាពវិវត្តបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលធ្វើឡើងនៅខេត្តយូណាន ប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០២៥។ ចិនចង់ឲ្យប្រទេសទាំងពីរប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដើម្បីពង្រឹងការសន្ទនា ស្តារទំនុកចិត្ត និងធ្វើឲ្យទំនាក់ទំនងប្រសើរឡើងវិញ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេសចិន ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំលើកទី១នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ ចិន និងកម្ពុជា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ជាងនេះទៅទៀត សេចក្តីប្រកាសព័ត៌មានរបស់ចិនបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈក្នុងការផ្តល់វេទិកាមួយសម្រាប់កម្ពុជា និងថៃ ចាប់ផ្តើមទំនាក់ទំនងជាមួយគ្នាឡើងវិញកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។ ក្រៅពីនេះ ចិននឹងបន្តគាំទ្រប្រទេសកម្ពុជាក្នុងការពន្លឿនការអភិវឌ្ឍ និងការកែលម្អជីវភាពប្រជាពលរដ្ឋ ហើយបានសន្យាបន្តផ្តល់ជំនួយមនុស្សធម៌សម្រាប់ការតាំងទីលំនៅបណ្តោះអាសន្នថ្មីរបស់ប្រជាជនកម្ពុជានៅតាមបណ្តោយព្រំដែន និងតំបន់ផ្សេងទៀត ព្រមទាំងជំរុញគម្រោងសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ។
សូមរំលឹកថា រដ្ឋមន្រ្តីការបរទេសកម្ពុជា ថៃ និងចិន បានជួបប្រជុំគ្នាជាលក្ខណៈត្រីភាគីកាលពីថ្ងៃទី២៩ធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន ដើម្បីពិភាក្សាគ្នាអំពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ។ កាលនោះ ភាគីទាំងបីបានបញ្ជាក់ជាថ្មីនូវការទទួលខុសត្រូវរួមរបស់ខ្លួន ក្នុងការការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយកម្ពុជា និងថៃ បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងធ្វើកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។
ភាគីទាំងបីក៏បានគាំទ្រដល់ការងាររបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ដែលរហូតមកដល់ពេលនេះនៅតែមិនទាន់បានចាប់ផ្តើមការងាររបស់ខ្លួននៅឡើយដោយសារភាគីថៃជំទាស់ម្តងហើយម្តងទៀតក្រោមលេសផ្សេងៗ៕