ក្រោមការដឹកនាំរបស់សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣មេសា បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលមាន ៨ជំពូក និង ២០មាត្រា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៣មេសារបស់ទីស្តីការគណៈរដ្ឋមន្រ្តី។
សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ព្រមទាំងត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។
ក្នុងន័យនេះ សេចក្តីព្រាងច្បាប់ខាងលើកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ។ កាតព្វកិច្ចយោធា គឺជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ។
សេចក្តីព្រាងច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប អាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់។ ដោយឡែក ការបំពេញកាតព្វកិច្ចយោធារបស់ស្ត្រីខ្មែរ ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ដោយយោងលើស្ថានភាពចាំបាច់បច្ចុប្បន្ន ច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់សភាពិនិត្យ និងអនុម័តក្នុងពេលឆាប់ៗខាងមុខ មុនពេលព្រះមហាក្សត្រប្រកាសឲ្យប្រើជាការប្រញាប់។
សូមបញ្ជាក់ថា កន្លងមក ព្រះរាជាណាចក្រកម្ពុជាមានច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ២០០៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត ប៉ុន្តែ ជាក់ស្តែង កាតព្វកិច្ចយោធាមិនដែលត្រូវបានអនុវត្តទេរហូតមកដល់ពេលនេះ។ យោងតាមរាជរដ្ឋាភិបាល ច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប្បន្ន និងអនាគតទេស ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី។
ដូច្នេះ ការរៀបចំច្បាប់ថ្មីនេះគឺជាការបន្តនិរន្តរភាពគោលការណ៍គ្រឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងវិស័យការពារជាតិ។ កងយោធពលខេមរភូមិន្ទ បាន និងកំពុងអនុវត្តភារកិច្ចការពារជាតិ ចូលរួមក្នុងការអភិវឌ្ឍសង្គម និងជួយសង្រ្គោះគ្រប់រូបភាព និងអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលទាន់ពេលវេលា និងមានប្រសិទ្ធភាព៕
ទួន សុផល