ភ្នំពេញ៖អ្នកជំនាញនៃក្រសួងបរិស្ថានបានចុះត្រួតពិនិត្យតាមដានជាប្រចាំគុណភាពទឹកទន្លេមេគង្គ និងតំបន់ងាយរងការបំពុលទឹក។ការត្រួតពិនិត្យនៅក្នុងត្រីមាសទី១ ឆ្នាំនេះ លទ្ធផលបានបង្ហាញថា គុណភាពទឹកទន្លេមេគង្គ និងតំបន់ងាយរងការបំពុល បានស្ថិតក្នុងកម្រិតល្អដូចគ្នា។

ភ្នំពេញ៖អ្នកជំនាញនៃក្រសួងបរិស្ថានបានចុះត្រួតពិនិត្យតាមដានជាប្រចាំគុណភាពទឹកទន្លេមេគង្គ និងតំបន់ងាយរងការបំពុលទឹក។ការត្រួតពិនិត្យនៅក្នុងត្រីមាសទី១ ឆ្នាំនេះ លទ្ធផលបានបង្ហាញថា គុណភាពទឹកទន្លេមេគង្គ និងតំបន់ងាយរងការបំពុល បានស្ថិតក្នុងកម្រិតល្អដូចគ្នា។

ក្រសួងបរិស្ថាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឱ្យដឹងថា មន្រ្តីជំនាញបរិស្ថានសហការជាមួយមន្ទីរបរិស្ថានខេត្តនានា បានចុះពិនិត្យដោយផ្តោតលើប៉ារ៉ាម៉ែត្រសម្រាប់វាយតម្លៃសន្ទស្សន៍គុណភាពទឹក នៅចំណុចជាទីតាំងតាមដានគុណភាពទាំងទឹកចំនួន ១១ ទីតាំង ស្ថិតក្នុងខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្តាល ភ្នំពេញ និងព្រៃវែង។ ការតាមដានត្រូវបានអនុវត្តជារៀងរាល់ខែ។លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៣ខែជាប់ៗគ្នា ចាប់ពីខែមករា មកដល់ខែមីនា បានបង្ហាញថា គុណភាពទឹកទន្លេមេគង្គ ស្ថិតក្នុងកម្រិតល្អ។

ប៉ារ៉ាម៉ែត្រដែលក្រសួងបានដាក់ មានប៉ារ៉ាម៉ែត្រចំនួន ១២ រួមមា៖ន pH, DO, TSS, BOD, COD, TN, TP, NO3-1-N and Heavy Metal (Cd, Cr+6, Pb, Hg) ដែលជាប៉ារ៉ាម៉ែត្រសម្រាប់វាយតម្លៃសន្ទស្សន៍គុណភាពទឹក ។

ដោយឡែកក្នុងត្រីមាសទី១ ឆ្នាំនេះដែរ ក្រសួងបរិស្ថាន បានពិនិត្យតាមដានគុណភាពទឹកសាធារណៈ និងទឹកកខ្វក់សម្អាតរួចពីទីតាំងស្ថានីយ ឬអាងប្រព្រឹត្តកម្មរួមលើទីតាំងអាទិភាព ៧៧ទីតាំង ក្នុងនេះមាន ទឹកទន្លេ បឹងទន្លេសាប ស្ទឹង អាងស្តុកទឹក បឹង ជ្រោះចំនួយ ៥២ទីតាំង ,ទឹកសមុទ្រមាន១២ទីតាំង និងទឹកកខ្វក់សម្អាតរួចមាន ១៣ទីតាំង និងបានអនុវត្តយកសំណាកទឹក សរុបចំនួន ២១៧សំណាក ដើម្បីវិភាគវាយតម្លៃការបំពុល។

ប្រភពដដែលបន្តថា ជារួមស្ថានភាពគុណភាពទឹកសាធារណៈទឹកមានសភាពថ្លា និងយោងតាមលទ្ធផលវិភាគពីមន្ទីរពិសោធន៍និងការវាយតម្លៃសន្ទស្សន៍គុណភាពទឹកបង្ហាញថា គុណភាពទឹកសាធារណៈស្ថិតក្នុងកម្រិតល្អ ពុំមានអ្វីប្រែប្រួល ឬ បង្កឱ្យមានការបំពុលគួរឱ្យកត់សម្គាល់នោះទេ។

ជាមួយគ្នានេះដែរក្នុងរយៈពេល៣ខែដើមឆ្នាំដូចគ្នា មន្រ្តីជំនាញក្រសួងបរិស្ថាន បានចុះតាមដានតំបន់ងាយរងការបំពុលទឹកសរុបចំនួន ១៩ទីតាំង ស្ថិតនៅខេត្តស្វាយរៀង, ខេត្តបាត់ដំបង ,ខេត្តកំពង់ស្ពឺ ,ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដោយយកសំណាកទឹកចំនួន ២៣សំណាកមកពិនិត្យ។តាមលទ្ធផលវិភាគដោយមន្ទីរពិសោធន៍និងការវាយតម្លៃសន្ទស្សន៍គុណភាពទឹក បង្ហាញថាគុណភាពទឹកតំបន់ងាយរងការបំពុលទឹកស្ថិតក្នុងកម្រិតល្អ ពុំមានអ្វីប្រែប្រួល ឬ បង្កឱ្យមានការបំពុលគួរឱ្យកត់សម្គាល់នោះទេ៕
ដោយ៖ម៉ាដេប៉ូ







